សិស្ស​និស្សិតកម្ពុជាជិត ​២ពាន់នាក់ ទទួលបាន​អាហារូបករណ៍ពីក្រុមហ៊ុន អេសស៊ីជី ក្នុងរយៈពេល១ទសវត្សរ៍មកនេះ
Sopheak PichNOVEMBER 16 2023

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អេសស៊ីជី ដែលជាក្រុមហ៊ុន​មានអាជីវកម្មពហុវិស័យ​ឈានមុខគេ​នៅក្នុង​តំបន់អាស៊ាន នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាស​អ្នកទទួលបាន​​អាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិន ​ឆ្នាំ២០២៣ នៅកម្ពុជា ខណៈដែលឆ្នាំនេះ គឺជាខួបទី១០ឆ្នាំហើយ ដែល​ក្រុមហ៊ុន អេសស៊ីជី បានរៀបចំកម្មវិធីផ្ដល់អាហារូបករណ៍នេះឡើង ដោយបានផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាសរុបជិត ២ពាន់នាក់។

កម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិន ត្រូវបានធ្វើឡើងនៅកម្ពុជា​តាំងពីឆ្នាំ២០១៤ មកម្ល៉េះ ដោយមានកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន អេសស៊ីជី ជាមួយនឹងក្រសួងអប់រំយុវជន និងកីឡា និង​ស្ថានទូតថៃប្រចាំកម្ពុជា។ កម្មវិធីនេះ មានគោលបំណង​គាំទ្រ​ដល់​សិស្សនិស្សិតថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យ ដែលមានការសិក្សាល្អ រួមទាំង​អាកប្បកិរិយាល្អ និងចេះគោរពចំពោះឪពុកម្ដាយ និងចាស់ព្រឹទ្ធាចារ្យជាដើម។

គិតតាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុន អេសស៊ីជី បានផ្ដល់​អាហារូបករណ៍ដល់សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ​សរុបចំនួន​ជាង ១.៧០០នាក់ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងកំពត ដោយសរុប​ថវិកាចំណាយលើការផ្ដល់ជូននេះ ​មានដល់ទៅប្រមាណ ៧០ម៉ឺនដុល្លារអាមេរិកឯណោះ។

Photo 2023 11 16 14 14 14ក្រុមហ៊ុន​ អេសស៊ីជី ប្តេជ្ញាចិត្ត​ក្លាយជា​ផ្នែកមួយ​នៃការអភិវឌ្ឍប្រកបដោយចីរភាព​នៅកម្ពុជា ពិសេស​នៅក្នុង​ការអភិវឌ្ឍធនធានមនុស្ស។ តាមរយៈការផ្ដល់ឱកាសអប់រំដល់យុវជនកម្ពុជា អេសស៊ីជី ជឿជាក់ថា នឹងជំរុញលើកទឹកចិត្តឲ្យពួកគេរត់ដេញតាមក្ដីស្រមៃរបស់ខ្លួន និងចូលរួមចំណែក​នៅក្នុង​ការអភិវឌ្ឍសង្គមផងដែរ។

យ៉ាងណាមិញ សម្រាប់​ខួប១០ឆ្នាំ នៃកម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិន មានការអញ្ជើញចូលរួម​ជាអធិបតីភាពពីសំណាក ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម Cherdkiat Attarkor ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រ​កម្ពុជា និងលោក Ratchayut Kasemchaisiri អគ្គនាយកក្រុមហ៊ុន SCG ប្រចាំប្រទេសកម្ពុជា។ សម្រាប់​ឆ្នាំនេះ កម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិន បាន​ផ្ដល់អាហារូបករណ៍សរុប​ចំនួន ១៥១នាក់ ដោយក្នុងនោះ ​មានសិស្សវិទ្យាល័យ​ចំនួន ១២៥នាក់ និង​និស្សិតសាកលវិទ្យាល័យ​ចំនួន ២៦នាក់។

និស្សិតដែលទទួលបានអាហារូបករណ៍ពីកម្មវិធីនេះ សុទ្ធសឹងជា​អ្នកកំពុងសិក្សានូវមុខជំនាញសំខាន់ៗ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ ដូចជា​ផ្នែក វេជ្ជសាស្ត្រ, វិស្វកម្ម, វិទ្យាសាស្ត្រសង្គម, ការអប់រំ និងផ្សេងៗទៀត។

Photo 2023 11 16 14 14 17លោក Ratchayut Kasemchaisiri អគ្គនាយក អេសស៊ីជី ប្រចាំកម្ពុជា

លោក Ratchayut Kasemchaisiri អគ្គនាយក អេសស៊ីជី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា « រយៈពេល ៣ទសវត្សរ៍មកហើយ ដែលក្រុមហ៊ុន អេសស៊ីជី បាននិងកំពុងមានប្រតិបត្តិការនៅកម្ពុជា។ យើងជឿជាក់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាគន្លឹះនៃនិរន្តរភាពសង្គម ហើយការអប់រំ គឺជាកត្តាស្នូលដ៏សំខាន់ ដើម្បី​ធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិត​របស់ពលរដ្ឋ និងធានាការអភិវឌ្ឍ​ប្រទេស​ប្រកបដោយចីរភាព។ ស្របតាមការប្តេជ្ញាចិត្ត​របស់យើង ក្នុងការក្លាយជាពលរដ្ឋដែលមានទំនួលខុសត្រូវ អេសស៊ីជី បានផ្ដួចផ្ដើមបង្កើកម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិន ដើម្បីគាំទ្រដល់​ក្មេងៗនៅទូទាំងតំបន់អាស៊ាន»។

Photo 2023 11 16 14 14 20ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ដែរថា ការសិក្សា គឺជាពន្លឺនាំផ្លូវ​យុវជនទៅរកអនាគតដ៏ភ្លឺស្វាង​ ហើយកាលណាយុវជនពោរពេញទៅដោយសមត្ថភាព នោះពួកគេនឹងក្លាយជាកោសិកាដ៏សំខាន់នៅក្នុងការជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ក្នុងន័យ ឯកឧត្តម ក៏បានស្ងើចសរសើរ និងថ្លែងអំណរគុណ​​ចំពោះ​ការចូលរួមចំណែករបស់​ក្រុមហ៊ុន អេសស៊ីជី តាំងពីដើមរៀងមក ដែលបានជួយគាំទ្រ​ដល់​វិស័យអប់រំ​នៅកម្ពុជា តាមរយៈការផ្ដល់ជូន​នូវអាហារូបករណ៍ជាច្រើន​ដល់សិស្សនិស្សិត និងការងារគាំពារបរិស្ថានជាច្រើនទៀតផងដែរ។ ​

Photo 2023 11 16 14 14 23ជាមួយគ្នានេះ ឯកឧត្តម Cherdkiat Attarkor ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រ​កម្ពុជាបានគូសបញ្ជាក់ថា ក្រៅតែពីមានប្រតិបត្តិការលើអាជីវកម្មរបស់ខ្លួន​​ អេសស៊ីជី គឺជាគំរូដ៏ល្អនៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តមមានប្រសាសន៍បន្ថែមថា «សម្រាប់កម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិន មិនត្រឹមតែជាកម្មវិធីផ្ដល់អាហារូបករណ៍ធម្មតាមួយនោះឡើយ​ ប៉ុន្ដែ វាគឺជាពន្លឺនៃក្ដីសង្ឃឹម ដែលជាការប្តេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្រ​របស់ក្រុមហ៊ុន អេសស៊ីជី ក្នុងការជំរុញនិរន្ដរភាព និងការអភិវឌ្ឍតាមរយៈវិស័យអប់រំទូទាំងតំបន់អាស៊ាន។»

កម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិន គឺជាគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ប្រកបដោយចីរភាពទូទាំងអាស៊ានពីក្រុមហ៊ុន អេសស៊ីជី។ គិតមកទល់បច្ចុប្បន្ន កម្មវិធីនេះ បានផ្ដល់អាហារូបករណ៍ជាង ១ម៉ឺនកន្លែងហើយ ដល់​សិស្សនិស្សិត​ឆ្នើមរាប់ពាន់នាក់​នៅក្នុង​តំបន់អាស៊ាន​ ដូចជានៅប្រទេស​កម្ពុជា មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងថៃ ដោយសិស្សនិស្សិតទាំងនោះ សុទ្ធសឹងជាយុវជនដែលមានការសិក្សាល្អ ចេះគោរពដឹងគុណអ្នកដទៃ និងមានការតាំងចិត្តមុតមាំ​ក្នុងការបន្ដការសិក្សា៕

Sopheak Pich

អត្ថបទសរុប៖ 615

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia