ផ្តើមចេញពីការស្រឡាញ់និងចង់លើកស្ទួយនំខ្មែរ លោក អ៊ិន ច័ន្ទធារ៉ា បានច្នៃបង្កើតនំរបស់ខ្មែរចេញជាគំនិតអាជីវកម្មមានឈ្មោះថា នាឡិ ដែលជាអាជីវកម្មលក់នំខ្មែរជាច្រើនប្រភេទហើយកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជាតិនិងអន្តរជាតិ ហើយកំពុងបន្តពង្រីកមហិច្ឆតានាំនំខ្មែរទៅកាន់ទីផ្សារអន្តរជាតិថែមទៀតផង។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក អ៊ិន ច័ន្ទធារ៉ា ស្ថាននិករបស់ហាងនំខ្មែរ នាឡិ បានឱ្យដឹងថា ដើមចមដែលនាំឱ្យលោកសម្រេចចិត្តជ្រើសយកអាជីវកម្មនំខ្មែរនេះ ដោយសារតែលោកមើលឃើញពីធនធានដែលខ្មែរមានទើបលោកចង់បង្ហាញពីអត្តសញ្ញាណវប្បធម៌ខ្មែរ ឱ្យប្រជាពលរដ្ឋខ្មែរបានស្គាល់ពីនំខ្មែរកាន់តែច្បាស់ ម្យ៉ាងវិញទៀតដើម្បីលើកស្ទួយនំខ្មែរឱ្យមានគុណតម្លៃកាន់តែខ្លាំងពីភ្ញៀវបរទេស ទើបនៅក្នុងឆ្នាំ ២០១៦ លោកក៏ចាប់ផ្តើមរៀបចំផែនការអាជីវកម្មរហូតចេញជារូបរាងជាហាងនាឡិ នៅក្នុងឆ្នាំ ២០១៧។
លោកបានបញ្ជាក់បន្ថែមទៀតថា ចាប់តាំងពីបើកដំណើរការមកដល់បច្ចុប្បន្នហាងនំខ្មែររបស់លោកគឺមានការគាំទ្រជានិច្ចបើទោះបីជាកន្លងមកមានបញ្ហាសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ ក្តីក៏ហាងរបស់លោកនៅតែអាចដំណើរការទៅបានយ៉ាងរលូន។ ទាំងនេះដោយសារតែលោក បានផ្តល់គុណតម្លៃជាជាងប្រាក់ចំណេញ ទាំងតម្លៃ និងរសជាតិ គឺធានាបាននូវគុណភាព។ ក្រៅពីលក់នំបោះដុំនិងរាយហាងនំខ្មែរ នាឡិ ក៏មានបម្រើជាសេវាកម្មរៀបចំនំសម្រាប់តម្រូវទៅតាមកម្មវិធីតូចធំ និងឱកាសពិសេសដូចជាបុណ្យចូលឆ្នាំចិន សិក្ខាសាលា បុណ្យចូលឆ្នាំខ្មែរ និងកម្មពិធីនានាជាច្រើនទៀតផងដែរ។
ស្របពេលដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងនេះ លោក អ៊ិន ច័ន្ទធារ៉ា ក៏នៅតែមិនបញ្ឈប់មហិច្ឆតារបស់ខ្លួនដែរ ពោលគឺនៅពេលអនាគតលោកចង់នាំចេញផលិតផលរបស់លោកទៅកាន់ទីផ្សារអន្តរជាតិផងដែរ ហើយបច្ចុប្បន្នលោកក៏កំពុងធ្វើការស្នើចុះបញ្ជី ស៥ ពីក្រសួងពាក់ព័ន្ធថែមទៀតផង។
គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ សិប្បកម្មនំខ្មែរ នាឡិ មាននំសរុបចំនួន ៦២ ប្រភេទ ក្នុងនោះនំដែលលក់ដាច់ខ្លាំងជាងគេមានជាង ១០ប្រភេទ។ ហេតុដូច្នេះសម្រាប់បងប្អូនដែលចង់បាននំខ្មែរដែលមានគុណភាព រសជាតិឆ្ងាញ់ អាចធ្វើការកម្មង់ទិញនំខ្មែរពីហាងនាឡិបានតាមរយៈលេខទំនាក់ទំនង 070 985 758 ឬតាមរយៈលេខហ្វេសប៊ុកផេក នាឡិ-Neal ៕


