ជាដំណឹងរីករាយមួយសម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ ពេលនេះឱកាសល្អបានមកដល់ហើយ ព្រោះនៅថ្ងៃស្អែកនេះ ក្រសួងការងារនឹងផ្តល់ឱកាសការងារជាង ១៥០០០ កន្លែងដើម្បីឱ្យយុវជនដាក់ពាក្យចូលធ្វើការនៅតាមក្រុមហ៊ុនផ្សេងៗ។
សម្រាប់វេទិកាការងារដែលរៀបចំដោយក្រសួងការងារនេះ នឹងធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាកលវិទ្យាល័យបៀលប្រាយ បន្ទាប់ពីការរៀបចំនៅខេត្តបាត់ដំបងកាលពីម្សិលមិញដោយរលូន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក និងពិសេសទទួលបានការចូលរួមពី សំណាក់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារយ៉ាងច្រើនកុះករ។
ដូច្នេះសម្រាប់យុវជន សិស្ស/និស្សិតនិងអ្នកស្វែងរកការងារធ្វើដែលកំពុងរស់នៅខេត្តសៀមរាប កុំភ្លេចត្រៀម CV ឲ្យបានច្រើនដើម្បីដាក់ពាក្យស្វែងរកការងារទៅតាមជំនាញ និងជាមួយក្រុមហ៊ុន សហគ្រាសដែលខ្លួនពេញចិត្ត។
គួរបញ្ជាក់ថា ការរៀបចំ “វេទិកាការងារ” និង “សិក្ខាសាលាអំពីការត្រៀមខ្លួនចូលទីផ្សារការងារ” នេះ គឺយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់ប្រជាពលរដ្ឋ ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិកនិងកម្មករនិយោជិត៕
អត្ថបទដោយ៖ ពីង ជូអេង