កាលពីថ្ងៃម្សិលមិញនេះ ធនាគារជាតិនៃកម្ពុជានិងក្រុមហ៊ុនAnt Group របស់សេដ្ឋីចិន Jack Ma បានចុះអនុស្សរណៈយោគយល់ ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត” ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ប្រព័ន្ធបាគងអាចទូទាត់លុយតាមទូរស័ព្ទដៃជាង៨០លានកន្លែងនៅជុំវិញពិភពលោក។
បើយោងតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថាចុះអនុស្សរណៈយោគយល់នេះធ្វើឡើង ដែលចុះហត្ថលេខាដោយផ្ទាល់ដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Douglas Feagin អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Ant Groupនៅក្នុងកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី២០២៣នៅក្នុងប្រទេសសិង្ហបុរី។
សេចក្ដីប្រកាសរបស់ធនាគារបានឲ្យដឹងទៀតថាអនុស្សរណៈយោគយល់នេះមានគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនតាមរយៈ QR Code រវាងបណ្តាញ KHQR Code របស់ប្រព័ន្ធបាគង និងបណ្តាញ QR Code របស់ AliPay ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
លើសពីនេះទៅទៀតការសហការនេះអនុញ្ញាតឲ្យប្រជាជនខ្មែរយើងដែលប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការទូទាត់ជាមួយ អាជីវករដែលមាន ប្រព័ន្ធ Alipay ចំនួន ៨៣លានអាជីវករនៅទូទាំងសកលលោក។
មិនតែប៉ុណ្ណោះភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជាក៏អាចធ្វើការទូទាត់តាមរយៈប្រព័ន្ធ KHQR ដោយងាយស្រួល និងទទួលបានបទពិសោធន៍ក្នុងការទូទាត់នៅកម្ពុជាដែលល្អជាងមុន សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត។
បើតាមការបញ្ជាក់ពីលោកជំទាវ ជា សិរីបានឲ្យដឹងថាពាណិជ្ជករកម្ពុជាត្រូវតែមានគណនីប្រាក់រៀល និងទទួលយកប្រាក់រៀល។ លោកជំទាវលើកទឹកចិត្តឱ្យធនាគារក្នុងស្រុកជូនដំណឹង និងលើកទឹកចិត្តឱ្យពាណិជ្ជកររបស់ពួកគេ បើកគណនីប្រាក់រៀល ហើយចាប់ផ្តើមទទួលយកការទូទាត់ជាប្រាក់រៀល ព្រោះយន្តការនេះគឺធ្វើឡើងដើម្បីលើកទឹកចិត្តការប្រើប្រាស់ប្រាក់រៀល។
គួរបញ្ជាក់ផងដែរនៅអំឡុងឆ្នាំ២០២៣នេះក្រោមការដឹកនាំរបស់លោក ជំទាវ ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា ធនាគារជាតិបានពង្រីកការទូទាត់ឆ្លងព្រំដែនកាន់តែទូលំទូលាយ។ ជាក់ស្ដែងធនាគារជាតិបានពង្រីកការទូទាត់តាមរយៈការស្គែនQR Code នៃកម្មវិធីបាគងទៅកាន់ប្រទេសថៃ វៀតណាម និងឡាវហើយក៏កំពុងពង្រីកការទូទាត់ទៅកាន់ប្រទេសផ្សេងៗទៀតក្នុងតំបន់និងភពលោក៕


