រាជរដ្ឋាភិបាលបានដាក់ចេញផែនការពង្រីកកំណាត់ផ្លូវជាតិលេខ ៦ ចាប់ពីចំណុចប្រសព្វរវាងផ្លូវចូលព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ រហូតទៅដល់ក្រុងសៀមរាប ដែលមានប្រវែងប្រមាណជិត ២០ គីឡូម៉ែត្រ ពី ៤ គន្លងទៅ ៦ គន្លង។ នេះតាមការបញ្ជាក់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីសម្ពោធព្រលានយន្ដហោះថ្មីខាងលើកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ថ្លែងនៅក្នុងពិធីខាងលើសម្ដេចធិបតីបានអរគុណក្រុមហ៊ុនវិនិយោគ ដែលមិនត្រឹមតែវិនិយោគសាងសង់ព្រលានយន្ដហោះទេ តែថែមទាំងបានវិនិយោគសាងសង់ផ្លូវហាយវ៉េពីព្រលានរហូតដល់ផ្លូវជាតិលេខ៦ ។ ហើយភារកិច្ចបន្ទាប់ គឺរាជរដ្ឋាភិបាលនឹងពង្រីកផ្លូវជាតិលេខ ៦ ពីចំណុចប្រសព្វនេះរហូតទៅដល់ក្រុងសៀមរាបបន្ដផងដែរ ដែលគម្រោងនេះអាចនឹងចាប់ផ្ដើមនៅក្នុងឆ្នាំ២០២៤ខាងមុខ។
"យើងមានផែនការ ២ គឺទី១ យើងពង្រីកផ្លូវជាតិលេខ៦ ពីចំណុចប្រសព្វផ្លូវហាវ៉េពីព្រលានរហូតទៅដល់ទីរួមមានខេត្ដជិត ២០ គីឡូម៉ែត្រ យើងបានគ្រោងហើយនូវថវិកា ៦០ លានដុល្លារ ហើយយើងបានកំពុងចរចារ ហើយឆ្នាំក្រោយ ព្រោះយើងត្រូវការដោះស្រាយផលប៉ះពាល់ យើងអាចរៀបចំពង្រីកពី ៤ គន្លងទៅ ៦ គន្លង។ ទី២ យើងកំពុងចរចារយកក្រុមហ៊ុនវិនិយោគដើម្បីធ្វើរទេសភ្លើងកម្រិតស្រាស Monorail ពីព្រលាននេះទៅក្រុងតែម្ដង"។ ប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
សម្ដេចធិបតីបន្ថែមថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរចេញពីព្រលានទៅកាន់តំបន់ទេចរណ៍ក្នុងខេត្ដសៀមរាប។ ខណៈព្រលានយន្ដហោះថ្មីនេះ គឺមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីទីរួមខេត្ដ និងប្រមាណ ៥០ គីឡូម៉ែត្រពីតំបន់ប្រាសាទអង្គរ៕