គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ នេះ វឌ្ឍនភាពការងារគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លងដែលចាប់ពីស្គន់ ទៅកាន់ក្រុងកំពង់ចាម សម្រេចបាន ៥៥,៧៩%ហើយ។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។
ប្រភពដដែលបានឲ្យដឹងថា ទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង អញ្ជើញដឹកនាំមន្ត្រីជំនាញបច្ចេកទេស ពិនិត្យវឌ្ឍនភាពការងារគម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) នេះផងដែរ ដោយមានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្តម លោក-លោកស្រី ជាមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសក្វាងចូវវ៉ានអាន(WACC)។
សូមជម្រាបថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ និងចាយរយៈពេលសាងសង់៤០ខែ។ គម្រោងនេះ ត្រូវបានសាងសង់ជាប្រភេទAC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨(ស្មើប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន(ស្មើប្រវែងសរុប ១១៦ម៉ែត្រ),លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។
នៅពេលសាងសង់រួចនឹងក្លាយជាផ្លូវមួយយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ៕