អភិបាលខេត្ដកំពង់ចាម ចេញបញ្ជាក់ពីការសាងសង់កំណាត់ផ្លូវជាតិលេខ៧ «ស្គន់-កំពង់ចាម» ដែលពង្រីក ៤ គន្លង
Bunthoeun KoemJUNE 10 2025800 views

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបង្ហើបឲ្យដឹងថា គម្រោងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) គិតមកដល់ពេលបច្ចុប្បន្ននេះសម្រេចបាន ៥៦% ហើយ។

505877610 1114174247413046 2638402126202296449 N

ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ជាការវាយតម្លៃជារួមចាប់ពី រង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពាន គីសូណា ក្រុងកំពង់ចាម គឺសម្រេចបាន ៥៦% នៃផែនការរួម ក្នុងនោះរួមមាន៖

១. ការងារសាងសង់ផ្លូវ ប្រវែងសរុប ៤៥.៥គីឡូម៉ែត្រ សម្រេចបាន ៦០.២៥%

២.ការងារសាងសង់ស្ពាន សរុបចំនួន ០៨កន្លែង សម្រេចបាន ៩៤.៧៥%

៣.ការងារលូទទឹងផ្លូវ សម្រេចបាន ៥០កន្លែង ស្មើនឹង ៩៦.១៥%

៤.ធ្វើប្រឡាយថ្មអក្សរT សម្រេចបាន ៥៦០ម៉ែត្រ ស្មើនឹង ១៥.៩៥%

៥.លូជ្រុង សម្រេចបាន ១២,៩៤១ម៉ែត្រ ស្មើនឹង ៤៦.៧២%

៦.ការងារបើកទ្រូងផ្លូវ សរុបចំនួន ១១៣កន្លែង បច្ចុប្បន្នបើកបាន ៥៦កន្លែង ស្មើនឹង ៥០% ។

505706238 1114173924079745 6687100153513996448 N

ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ចំពោះទ្រូងផ្លូវ ត្រូវរៀបចំធ្វើជាសួន ដាំដើមឈើ និងដាក់អំពូលភ្លើង ដោយឡែកចំពោះភ្លើងស្តុបត្រូវដាក់ថ្មីផងដែរ។

សូមជម្រាបថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ និងចាយរយៈពេលសាងសង់៤០ខែ។ គម្រោងនេះ ត្រូវបានសាងសង់ជាប្រភេទAC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨(ស្មើប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន(ស្មើប្រវែងសរុប ១១៦ម៉ែត្រ),លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។

នៅពេលសាងសង់រួចនឹងក្លាយជាផ្លូវមួយយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia