រាជរដ្ឋាភិបាលប្រទេសជប៉ុន បានសម្រេចផ្ដល់ឥណទានសម្បទានចំនួន ៧ ២០៥ លានយ៉េន ឬស្មើនឹងប្រមាណ ៥២.៦ លានដុល្លារបន្ថែមទៀតមកដល់កម្ពុជា ដើម្បីធ្វើការសាងសង់ និងកែលម្អឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្ដាមខេត្ដកណ្ដាល ទៅដល់ ធ្លាម្អម ខេត្ដពោធិ៍សាត់ ដែលជាគម្រោងដំណាក់កាលទី៤។
យោងតាមសេចក្ដីប្រកាសព័ត៌មានពីនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ឥណទានសម្បទានខាងលើនេះ នឹងត្រូវចុះហត្ថលេខាងនាថ្ងៃទី២៥ ឧសភា ខាងមុខ។ ដោយការចុះហត្ថលេខាងនេះ នឹងមានការអញ្ជើញចូលរួមពីឯកឧត្ដម ប្រាក់ សុខុន និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទួតជប៉ុនប្រចាំនៅកម្ពុជា។
ក្រៅពីផ្ដល់ឥណទានសម្បទានជាង ៥០ លានដុល្លារខាងលើ រាជរដ្ឋាភិបាលជប៉ុនក៏បានផ្ដល់នូវហិរញ្ញប្បទានឥតសំណងចំនួន ៣៦៦ លានយ៉េន ឬស្មើនឹងប្រមាណ ២.៦៧ លានដុល្លារ មកកម្ពុជាសម្រាប់អនុវត្ដ “គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស” ផងដែរ។
គួររម្លឹកឲ្យដឹងផងដែរថា គម្រោងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៥ ដំណាក់កាលទី៤ ពីព្រែកក្ដាមមកដល់ធ្លាម្អមនេះ មានប្រវែងសរុប ១៣៥.២៥ គីឡូម៉ែត្រ បានពង្រីកពី ២ គន្លងទៅ ៤ គន្លងគ្រោងចំណាយថវិកាប្រមាណ ២៤៦,៣៥ លានដុល្លារ អាមេរិក។ គម្រោងនេះត្រូវបានបើការដ្ឋានសាងសង់កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣៕
អត្ថបទ៖ កឹម ប៊ុនធឿន