ក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) ដែលជាក្រុមហ៊ុនរបស់ប្រទេសចិន បានកំពុងសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៨ ដែលតភ្ជាប់ពីស្ពានព្រែកតាមាក់ទៅកាន់ពញាក្រែក (ប្រសព្វផ្លូវជាតិលេខ៧)។
យោងតាមការដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះឯកឧត្ដម ឈួន វិន រដ្ឋលេខាធិការ ក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍ នៃការសិក្សាគម្រោងផងដែរ។ ដោយក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសជំនាញជាច្រើនរូបផងដែរ។
នៅក្នុងនោះដែរ ក្រុមហ៊ុនសំណង់សៀងហៃបានធ្វើបទបង្ហាញជូនអង្គប្រជុំពីការកែសម្រួលចំណុចខ្លះដែលថ្នាក់ដឹកនាំក្រសួងបានមានមតិកែលម្អកាលពីប្រជុំនាពេលកន្លងមក ដូចជាការងារដាក់លូ សាងសង់ស្ពានថ្មី គន្លងផ្លូវពុះចែកទ្រូងថ្នល់ និងការសាងសង់ស្ថានីយជញ្ជីងរថយន្ត ដោយពិនិត្យទៅលើជម្រើសដែលសមស្រប មានគុណភាព និងអាចកាត់បន្ថយផលប៉ះពាល់បានច្រើន។
ដោយឡែក ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងភាគីក្រុមហ៊ុន ឱ្យសហការគ្នាយ៉ាងជិតស្និទ្ធិក្នុងការរៀបចំប្លង់លម្អិតតាមផ្នែកនីមួយៗឱ្យបានហ្មត់ចត់ មុននឹងដាក់ឆ្លងទៅថ្នាក់ដឹកនាំពិនិត្យសម្រេចជាបន្ត ដើម្បីពន្លឿនការងារសាងសង់ផ្លូវនេះឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
សូមជម្រាបថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៨ នេះមានប្រវែងសរុប ១២៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ ១៧២+៧០០ ស្ថិតក្នុងឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។ ខណៈគម្រោងនេះសាងសង់ឡើងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនជាមួយក្រុមហ៊ុនសំណង់សៀងហៃ (SCG)៕