កំណាត់ផ្លូវជាតិលេខ៨ ដែលឆ្លងកាត់ខេត្ដចំនួន ៣ គឺខេត្ដត្បូងឃុំ ខេត្ដព្រៃវែង និងខេត្ដកណ្ដាល ត្រូវបានក្រសួងសារធាណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុនសំណង់សៀងហៃ ធ្វើការសិក្សាដើម្បីធ្វើឲ្យសាងសង់ប្រសើរឡើងវិញ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗ។
ជាក់ស្ដែងនៅកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លីម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពដំបូងនៃគម្រោងធ្វើឱ្យប្រសើរផ្លូវជាតិលេខ៨ ចាប់ពីព្រែកតាមាក់ រហូតដល់ពញ្ញាក្រែក របស់ក្រុមហ៊ុនសំណង់សៀងហៃផងដែរ ដែលមានការចូលរួមពីក្រុមការងារបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនសំណង់សៀងហៃ រៀបចំចងក្រងរបាយការណ៍លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនេះឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច និងសហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរពិសោធន៍សំណង់ និងសាធារណការ ដើម្បីវិភាគបច្ចេកទេសផ្លូវថ្នល់ សំដៅធ្វើយ៉ាងឱ្យគម្រោងនេះអាចអនុវត្តទៅបានតាមផែនការដែលបានគ្រោងទុក។
សូមជម្រាបជូនថា គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៨ នេះមានប្រវែងសរុប ១២៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ ១៧២+៧០០ ស្ថិតក្នុងឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ៕
អត្ថបទ៖ កឹម ប៊ុនធឿន