កំណាត់ផ្លូវជាតិលេខ៧ តភ្ជាប់ខេត្ដ ២ នេះ នឹងត្រូវសាងសង់ថ្មីមានប្រវែងជិត ១០០ គីឡូម៉ែត្រ
Bunthoeun KoemMARCH 2 202351.6 K views

រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ​ និងដឹកជញ្ជូន ពេលនេះបាននិងកំពុងសិក្សា ដើម្បីសាងសង់ និងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីខេត្ដក្រចេះ ទៅដល់ខេត្ដស្ទឹងត្រែង ដែលមានប្រវែងសរុបជិត ១០០ គីឡូម៉ែត្រ។

ជាក់ស្ដែងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រុមហ៊ុន China Railway First Survey & Design Institute Group Co.,Ltd លើគម្រោងខាងលើនេះផងដែរ។

334279193 906394400557818 5093416304128128326 N

ក្នុងឱកាសនោះ ក្រុមហ៊ុនបានធ្វើបទបង្ហាញជូនឯកឧត្តមទេសរដ្ឋមន្ត្រី លើការសិក្សាពីបច្ចុប្បន្នភាពនៃផ្លូវជាតិលេខ៧ និងនីតិវិធីសំខាន់ៗក្នុងស្តារ និងលើកកម្រិតកំណាត់ផ្លូវជាតិមួយខ្សែនេះ ចាប់ពីភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង (ព្រំប្រទល់កម្ពុជា-ឡាវ) ប្រវែងសរុប ៩៦,៦៣គីឡូម៉ែត្រ។

តាមរយៈការពិនិត្យលើបទបង្ហាញ អង្គប្រជុំក៏បានផ្លាស់ប្តូរមតិ និងលើកជាមតិយោបល់ ឱ្យក្រុមហ៊ុនទទួលបន្ទុកពិនិត្យសិក្សាលើការប្រើប្រាស់បច្ចេកទេសផ្លូវថ្នល់ និងការរៀបចំកំណត់ទទឹងផ្លូវឱ្យបានសមរម្យសម្រាប់ស្ថានភាពភូមិសាស្ត្រផ្លូវជាតិលេខ៧នេះផងដែរ ដើម្បីរៀបចំនីតិវិធីបន្តសម្រាប់ឈានដល់ការអនុវត្តគម្រោងនៅពេលខាងមុខ។ គម្រោងនេះជាគម្រោងស្ថិតក្រោមជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ដែលទទួលបន្ទុកការសិក្សាដោយក្រុមហ៊ុន China Railway First Survey & Design Institute Group Co.,Ltd។

ទាក់ទងការស្ដារ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ នេះ កាលពីពេលថ្មីៗកន្លងទៅនេះរាជរដ្ឋាភិបាលក៏ទើបនឹងបានសម្រេចឲ្យសាងសង់ និងលើកកម្រិតគុណភាពកំណាត់ផ្លូវពីស្គន់ទៅដល់ក្រុងកំពង់ចាមផងដែរ ដែលពង្រីកពី ២ គន្លងទៅ ៤ គន្លង ខណៈការសាងសង់នឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ៕

អត្ថបទ៖ កឹម ប៊ុនធឿន

334279582 224636706705649 751092119693101130 N

333315637 948921489808452 2723524342563941853 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia