យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកំពង់ចាមបានឲ្យដឹងថា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ខាងមុននេះ រាជរដ្ឋាភិបាលនឹងរៀបចំពិធីបើកសម្ពោធការដ្ឋានសាងសង់ពង្រីក និងលើកកម្ពស់កំណាត់ផ្លូវជាតិលេខ ៧ ពីស្គន់ ទៅក្រុងកំពង់ចាមជាផ្លូវការហើយ។ ដោយកម្មវិធីនេះ គឺមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
សូមជម្រាបជូនថា គម្រោងសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៧ ពីតំបន់ស្គន់ ទៅដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាមនេះ មានប្រវែងសរុប ៤៥,៥០ គីឡូម៉ែត្រ ដោយត្រូវពង្រីកទៅជាផ្លូវ៤គន្លង (ពីរគន្លងទៅពីរគន្លងមក)។ ហើយគម្រោងនេះនឹងត្រូវចំណាយថវិកាសរុបប្រមាណ ១១៤,៨៩ លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន។ ចំពោះពេលវេលាក្នុងការសាងសង់គ្រោងចំណាយរយៈពេល ៣៦ខែ អនុវត្តការងារដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន៕
អត្ថបទ៖ កឹម ប៊ុនធឿន