កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះត្រួតពិនិត្យគម្រោងស្ថាបនាផ្លូវជាតិលេខ ៥ ឬផ្លូវអាស៊ានហាយវេលេខ ១ ភាគខាងត្បូងចាប់ពីចំណុចព្រែកក្ដាមទៅដល់ធ្លាម្អម។ ដោយការអញ្ជើញចុះពិនិត្យនេះក៏មានការអមដំណើរពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរង នៃគណៈភិបាលខេត្តកំពង់ឆ្នាំង អគ្គនាយក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងឱកាសចុះពិនិត្យនេះដែរឯកឧត្ដមបានបញ្ជាក់ថា គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងបច្ចុប្បន្នសម្រេចលទ្ធផលបានជាង៩០%ហើយ ខណៈដែលគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ដែលជាស្ពានធំមានរហូតដល់ទៅ ៤គន្លង (២គន្លងទៅ និង២គន្លងមក) កំពុងត្រូវបានយកចិត្តទុកដាក់ពន្លឿនការស្ថាបនា ដោយរំពឹងថានឹងរួចរាល់ដំណាលគ្នា ជាមួយនឹងគម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៥ខាងលើ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងទេសចរណ៍ ពិសេសកាត់បន្ថយការកកស្ទះនៅទីប្រជុំជនក្រុងពោធិ៍សាត់។
សូមជម្រាបថា ផ្លូវជាតិលេខ៥ នេះមានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្ដចំនួន ៥ រួមមាន៖ ខេត្ដកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្ដបន្ទាយមានជ័យ។ គម្រោងនេះត្រូវបានបែងចែកជា ៣ កំណាត់ ដោយក្នុងកំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្ដាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។ ដោយសារការសាងផ្លូវថ្មីនេះគឺជាប្រភេទបេតុកៅស៊ូ (AC) និងគ្រោងចំណាយទឹកប្រាក់ចំនួន ៥០០ លានដុល្លារឯណោះ។
នៅពេលផ្លូវជាតិលេខ៥ នេះសម្រេចរួចរាល់ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដូចជា អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះ នឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕