បន្ទាប់ពីមានការសាងសង់យ៉ាងមមាញឹកពេលនេះផ្លូវជាតិលេខ៥ ដែលជាផ្លូវជាតិមានតម្លៃ៥០០លានដុល្លារតភ្ជាប់ពីខេត្តកណ្ដាល,ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, និងខេត្តបន្ទាយមានជ័យសម្រេចការសាងសង់ជិតរួចរាល់ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
ប្រភពខាងលើបានឱ្យដឹងថា ផ្លូវជាតិលេខ៥ នេះមានប្រវែង ៣៦៦ គីឡូម៉ែត្រកំពុងដំណើរការស្ថាបនាស្ទើររួចរាល់ទាំងស្រុង ខណៈផ្លូវនេះ ត្រូវបានបែកចែកជាបីភាគ រួមមាន៖
១.ភាគខាងត្បូង ពីព្រែកក្តាម ខេត្តកណ្ដាល ទៅដល់ធ្លាម្អម ខេត្តពោធិ៍សាត់ មានប្រវែងសរុប ១៣៥,២៥ គីឡូម៉ែត្រ សម្រេចបាន ៩៨%
២. ភាគកណ្តាលធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែងសរុប ១៤៦,០៤ គីឡូម៉ែត្រសម្រេចបាន ៦៩%
៣. ភាគខាងជើង ពីបាត់ដំបង-សិរីសោភ័ណ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ សម្រេចរួចរាល់១០០%ហើយ។
សូមជម្រាបថាទោះយ៉ាងណាក្តី ផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយពីសិរីសោភ័ណ-ប៉ោយប៉ែត ដែលមានប្រវែង ៣៥គីឡូម៉ែត្រ នឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ ខាងមុខ ខណៈសព្វថ្ងៃនេះការដ្ឋានសាងសង់និងពង្រីកកំណាត់ផ្លូវនេះកំពុងដំណើរការទៅជាធម្មតា។ ក្នុងនោះក្រសួងបានបញ្ជាក់ថា កំណត់ផ្លូវចុងក្រោយនេះសាងសង់យឺតជាងកំណត់ផ្លូវផ្សេងទៀត ដោយសារទើបតែត្រូវបានដាក់ដេញថ្លៃ ហើយចាប់ផ្ដើមសាងសង់ក្រោយគេ ។
គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវជាតិលេខ៥ ដែលមានប្រវែង៣៦៦គីឡូម៉ែត្រនេះបានទទួលកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា៕
អត្ថបទដោយ៖ ឌឿក ស្រី នុត