គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ប្រវែង១៩៦ គីឡូម៉ែត្រ រំពឹងថានឹងរួចរាល់សព្វគ្រប់ក្នុងឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ នៃគម្រោងខាងលើកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ៧ម៉ែត្រប៉ុណ្ណោះ ហើយបច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវមួយខ្សែនេះ នឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១០ម៉ែត្រ ដោយក្នុងនោះប្រវែង ៤០គីឡូម៉េត្រ នឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤គន្លង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា បើតាមផែនការដែលបានគ្រោងទុក ផ្លូវប្រវែង ១៧០គីឡូម៉ែត្រ នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២៣នេះ ហើយប្រវែង ២៦គីឡូម៉ែត្រទៀតនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៤ខាងមុខ។ ដោយឡែកស្ពានចាស់ចំនួន២៤កន្លែង នឹងត្រូវពង្រីកទំហំទទឹងរហូតដល់១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន០៨កន្លែងទៀត ដោយក្នុងនោះមាន ០២កន្លែង ជាទីតាំងដែលតែងតែរងគ្រោះដោយទឹកជំនន់ជារៀងរាល់ឆ្នាំ។ ស្ពានសរុបទាំង ៣២កន្លែងនេះ គ្រោងនឹងសាងសង់ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៥។
គួររម្លឹកផងដែរថា ផ្លូវជាតិលេខ៤ គឺជាផ្លូវជាតិមួយតភ្ជាប់ពី រាជធានីភ្នំពេញ ទៅកាន់ទីក្រុងកំពង់ផែភាគនិរតី ដែលជាកំពង់ផែសមុទ្រអន្តរជាតិតែមួយគត់របស់កម្ពុជា។ ខ្សែផ្លូវនេះ នឹងត្រូវលើកកម្រិតគុណភាពជាពិសេស សម្រាប់ការដឹកជញ្ជូនទំនិញរវាង រាជធានី និងកំពង់ផែ ដោយរថយន្តដឹកទំនិញធុនធ្ងន់ និងកុងតឺន័រ ដើម្បីឱ្យស្របទៅតាមកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់ប្រទេសជាតិ៕
អត្ថបទ៖ កឹម ប៊ុនធឿន