ក្រសួងសាធារណការ បង្ហាញវឌ្ឍនភាពនៃការពង្រីកផ្លូវជាតិលេខ៣៣ ពីទីរួមខេត្ដកំពតទៅច្រកលក
Bunthoeun KoemAPRIL 2 2023312 views

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពតទៅដល់ច្រកលក សម្រេចបានលទ្ធផល ១៩%ហើយ។ នេះយោងតាមការចុះផ្សាយពីក្រសួងសាធារណការ​ និងដឹកជញ្ជូន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។

តាមការបញ្ជាក់ពីក្រសួងក្នុងថ្ងៃទី២៤ ខែមីនា នោះ ក្រុមការងារនៃអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (PIU) បានអញ្ជើញចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ នៃគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣នេះ។ ដោយការចុះពិនិត្យនេះ មានការចូលរួមពី លោក ទេស តារារ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាសមាជិក PIU លោក ប៉ាល់ ទិត្យវិរៈ សមាជិក PIU ព្រមទាំងសមាជិកផ្សេងៗទៀត អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ផងដែរ។

337551485 896929618245466 4831668814830421697 N

នៅក្នុងការចុះពិនិត្យនោះមានបញ្ជាក់ថា គិតចាប់ពីបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បច្ចុប្បន្នគម្រោងនេះ សម្រេចលទ្ធផលសាងសង់បានប្រមាណ ១៩% ហើយ គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។ 

ក្រុមការងារនៃអង្គភាពអនុវត្តគម្រោង ក៏បានពាំនាំមតិផ្តាំផ្ញើរបស់ ឯកឧត្តម ប៉ាល់ ចន្ទតារា ប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង (PMU) ណែនាំដល់ក្រុមហ៊ុន CRBC ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ពិសេសត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋានសាងសង់ ដោយក្រុមហ៊ុនត្រូវពិនិត្យបន្ថែមលើការដាក់ផ្លាកសញ្ញាជូនដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ និងការស្រោចទឹកកាត់បន្ថយដីហុយ ដើម្បីជៀសវាងការរំខានដល់បងប្អូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនេះដែរ ដោយហេតុថាគម្រោងនេះកំពុងស្ថិតក្នុងការសាងសង់នៅឡើយ ក្រសួងសូមស្នើការយោគយល់ និងអធ្យាស្រ័យខ្ពស់ពីបងប្អូនប្រជាពលរដ្ឋដែលទទួលរងការរំខាន និងផលប៉ះពាល់ផ្សេងៗពីគម្រោងការដ្ឋាន។ ជាមួយគ្នានេះ ក្រសួងក៏សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរក្នុងស្ថានភាពស្រវឹង ឬបើកបរលើសល្បឿនដែលកំណត់ដោយច្បាប់ និងសូមគោរពសញ្ញាចរាចរណ៍ដែលបានកំណត់ដាក់ជូន ដើម្បីសុខសុវត្ថិភាព និងជៀសវាងកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង៕

អត្ថបទ៖ កឹម ប៊ុនធឿន

337290571 1351208439061420 7732392556748518090 N

337414654 771004581207642 983199825729240161 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia