កំណាត់ផ្លូវពិបាកធ្វើជាងគេនៅខ្មែរ «កំពត-វាលរេញ» ពេលនេះមានដៃគូពិភាក្សាដើម្បីរកថវិកាមកសាងសង់ហើយ
Bunthoeun KoemFEBRUARY 27 20234.7 K views

កំណាត់ផ្លូវជាតិលេខ ៣ ចាប់ពីចំណុចខេត្ដកំពត ទៅដល់វាលរេញ ប្រវែង ២០ គីឡូម៉ែត្រ បានក្លាយជា ផ្លូវដែលពិបាកសាងសង់បំផុតនៅកម្ពុជា ដោយសារតែសណ្ឋានដីនៅទីនោះជាដីស្អុយ ដីភក់ ជាហេតុនាំឲ្យការសាងសង់ផ្លូវមិនរឹងមាំ ធ្វើខូចៗ។ យ៉ាងដើម្បីធ្វើឲ្យផ្លូវនេះជាប់បានល្អ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចថានឹងត្រូវបុកគ្រឹះជម្រៅ ១៨ ម៉ែត្រទើបការសាងសង់រឹងមាំ ខណៈក្រសួងបានកំពុងស្វែងរកថវិកាយកមកស្ថាបនាផ្លូវខាងលើ។

យ៉ាងណាពេលថ្មីៗនេះតាមការបង្ហើបឲ្យដឹងពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ពេលនេះប្រទេសចិនគឺបានកំពុងពិភាក្សានៅក្នុងការផ្ដល់ថវិកាក្នុងការសាងសង់កំណាត់ផ្លូវ ១ ខ្សែនេះផងដែរ។

ថ្លែងនៅក្នុងដំណើរបេសកកម្មចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង ការងារសាងសង់ផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) កាលពីថ្ងៃទី២២ ខែកុម្ភៈ ឯកឧត្ដមទេសរដ្ឋមន្ដ្រីបានបញ្ជាក់ថា «សូមជម្រាបថាយើងបានពិភាក្សាជាមួយមិត្ដចិនហើយ ឥឡូវគេកំពុងជំរុញនិតិវិធីក្នុងការផ្ដល់ថវិកាមកស្ដារផ្លូវកំពត វាលរេញ ២០ គីឡូម៉ែត្រនេះ»

ឯកឧត្ដមបន្ដថា «ដោយសារ ៥ គីឡូម៉ែត្រ ត្រូវបុកគ្រឹះ ១៨ ម៉ែត្រ ព្រោះដីវាស្អុយ ដីវាទន់ អ៊ីចឹងយើងត្រូវធ្វើស្ពានក្រោយដី ៥ គីឡូម៉ែត្រទើបជាប់ ហើយនៅ ១៥ គីឡូម៉ែត្រទៀតពង្រឹងគ្រិះហើយចាក់បេតុងទើបជាប់។ អ៊ីចឹងមិនអាចធ្វើស្រាលៗបានទេ»

នាឱកាសនោះឯកឧត្ដម ស៊ុន ចាន់ថុល ក៏ធ្វើការសុំទោសដល់ប្រជាពលរដ្ឋដែលធ្វើដំណើរលើកំណាត់ផ្លូវនេះ ចំពោះបញ្ហាលំបាក ហើយក្នុងក្រសួងនឹងខិតខំជំរុញឲ្យមានការសាងសង់នាពេលឆាប់ៗខាងមុខនេះ។

សូមជម្រាបថា កំណត់ផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរេញនេះ ត្រូវធ្វើការសាងសង់ជាច្រើនលើកច្រើនសារមកហើយ ដោយក្នុងនោះធនាគារពិភពលោកធ្លាប់ធ្វើ ២ ដង កូរ៉េធ្លាប់ធ្វើ ១ ផងដែរ៕

អត្ថបទ៖ កឹម​ ប៊ុនធឿន

332861949 1344394353066249 2355992704618844080 N (1)

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia