កំណាត់ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញ មានប្រវែងសរុប ៥៤ គីឡូម៉ែត្រក្នុងនោះកំណាត់ផ្លូវប្រវែង ២០ គីឡូម៉ែត្រគឺតែងតែទទួលរងនូវការខូចខាតជាប្រចាំ នាំឲ្យពិបាកក្នុងការធ្វើដំណើរ។ បញ្ហាខូចខាតនេះកើតឡើងដោយសារតែសណ្ឋានដីនៅផ្លូវនេះផ្នែកខាងក្រោមគឺមានដីស្អុយឬដីភក់ ដូច្នេះតម្រូវឲ្យមានការសាងសង់បុកគ្រឹះចុះទៅក្រោមជាង ១០ ម៉ែត្រទើបការសាងសង់ផ្លូវនេះមានភាពរឹងមាំបាន។
យ៉ាណាសម្រាប់ការស្ដារឡើងវិញនូវកំណាត់ផ្លូវ ២០ គីឡូម៉ែត្រខាងលើនេះ ត្រូវបានក្រសួងកំពុងធ្វើសិក្សា និងកំពុងស្វែងរកថវិកាសម្រាប់ការសាងសង់ផងដែរ។ នេះបើយោងតាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ថ្លែងក្នុងពិធីប្រគល់-ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាម ក្រុងកំពត ខេត្តកំពត នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមទេសរដ្ឋមន្ដ្រីបានមានប្រសាសន៍ថា “ផ្លូវពីកំពតទៅវាលរេញក៏បានស្ដារដែរ ប៉ុន្ដែខូច ២០ គីឡូម៉ែត្រនៅវាលរេញ ឥឡូវយើងកំពុងខិតខំប្រឹងប្រែងរកថវិកាពីមិត្ដចិនមកស្ដារ ២០ គីឡូម៉ែត្រនៅវាលរិញនេះឲ្យឆាប់ជាទីបំផុត ដោយសារមានការលំបាកក្នុងការធ្វើដំណើរលើផ្លូវ ២០ គីឡូម៉ែត្រនេះ”។
តាមការសិក្សាកន្លងមក កំណាត់ផ្លូវ២០គីឡូម៉ែត្រដែលតែងតែខូចជាប្រចាំនេះត្រូវបែងចែកជាពីរកំណាត់ ក្នុងនោះ៖ កំណាត់ ៥គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រនៅផ្នែកខាងក្រោម ចំពោះការងារសាង់សង់គឺតម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ម៉ែត្រដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្រ្ត២ផ្សេងទៀតទៅតាមកម្រិតជម្រៅដីស្អុយរួមមានវិធីទម្លាក់សេរីទម្ងន់ ២០០តោន និងវិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង ទើបផ្លូវនេះអាចមានភាពរឹងមាំជាប់បានយូរ៕
អត្ថបទ៖ កឹម ប៊ុនធឿន