ផ្លូវជាតិ ១ ខ្សែ ដែលប្រទាក់ក្រឡាតភ្ជាប់ផ្លូវជាតិចំនួន ៣ ត្រូវបានបើកការដ្ឋានសាងសង់ផ្លូវការ
Bunthoeun KoemJUNE 20 2023482 views

ផ្លូវជាតិលេខ២៣ ដែលឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ។ ដោយកម្មវិធីនេះមានការអញ្ជើញជាអធិបតីភាពពីឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន។

354470798 581363670841298 34333324256510305 N

តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ផ្លូវជាតិលេខ២៣ ដែលបើកការដ្ឋាននាឱកាសនេះមានប្រវែង ១៩,៨៣គីឡូម៉ែត្រ ជាគម្រោងស្ថិតក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលផ្លូវនេះមានចំណុចចាប់ផ្តើមពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ (ចាប់ពីគល់ស្ពានកោះធំ) រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្តលេខ១៤) នៃភូមិសាស្រ្តខេត្តកណ្តាល។

គម្រោងនេះនឹងត្រូវស្ថាបនាជា ២គន្លងទៅ និង២គន្លងមក ដោយពង្រីកទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទីម៉ែត្រ លើទទឹងតួផ្លូវប្រវែង ១០ម៉ែត្រ។ ជាមួយគ្នានេះ គម្រោងក៏នឹងស្ថាបនាផងដែរនូវស្ពានចំនួន ៤កន្លែង លូមូលកាត់ទទឹងផ្លូវចំនួន ៣៣កន្លែង លូប្រអប់កាត់ទទឹងផ្លូវចំនួន ១៧កន្លែង និងលូមូលអមសងខាងផ្លូវប្រវែង ១ ៥៥៨ម៉ែត្រ ព្រមទាំងការបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។

កំណាត់ផ្លូវជាតិ២៣ នេះ គឺជាខ្សែផ្លូវដ៏មានសក្តានុពល និងមានភាពប្រទាក់ក្រឡា តភ្ជាប់ជាមួយផ្លូវជាតិលេខ២១B និងផ្លូវជាតិលេខ២១ ឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ និងព្រំដែនកម្ពុជា-វៀតណាម(ជ្រៃធំ-ឡុងប៊ិញ) និងតភ្ជាប់ជាមួយផ្លូវជាតិលេខ១៤ ទិសដៅអ្នកលឿង ខេត្តព្រៃវែង និងព្រំដែនកម្ពុជា-វៀតណាម(ក្អមសំណ-វិញសឿង) និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗដទៃទៀតនៅក្នុងតំបន់នេះ។

សូមជម្រាបផងដែរថា គម្រោងនេះ ត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ និងរយៈពេលថែទាំចំនួន ៣៦ខែ និងប្រើប្រាស់ថវិកាដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២១,៦៨លានដុល្លារអាមេរិក សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ផងដែរ៕

354470994 581363610841304 6343255613129810646 N

354578026 581376684173330 7738612320985029071 N

354644931 581376904173308 7339875121845762798 N

អត្ថបទ៖ វិធាវី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia