កំណាត់ផ្លូវចំនួនមួយខ្សែដែលស្ថិតនៅផ្លូវជាតិលេខ ២១ ចាប់ពីចំណុចគ.ម៧+៥៨០(ស្ពានរំលងផ្លូវក្រវាត់ក្រុងទី៣) ដល់ គ.ម៤៦+៧១០(ស្ពានកោះធំ) នឹងធ្វើការបិទចរាចរណ៍រថយន្ត ដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនៅលើក្នុងកំណាត់ផ្លូវទាំងនេះចាប់ពីវេលាម៉ោង ០:០០នាទីរំលងអធ្រាត្រយប់នេះ រហូតដល់វេលាម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
យោងតាមការចុះផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានឲ្យដឹងថាការបិទចរាចរនេះដើម្បីរៀបចំកម្មវិធីសម្ភោធដាក់ឱ្យប្រើប្រាស់ មន្ទីពេទ្យតេជោសែនកោះធំ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចបហាបវរឌិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាមបណ្ឌិត ពេជ ចន្ទមុន្នី។
យ៉ាងណាមិញសម្រាប់រថយន្តធុនធ្ងន់ដែលមានបំណងធ្វើដំណើរឆ្លងកាត់ទៅមក ក្រុងតាខ្មៅ-ស្រុកកោះធំ សូមធ្វើការវាងតាមផ្លូវខេត្តលេខ ១១០ ដោយឆ្លងកាត់តាមស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ត្រង់ គ.ម២+១៥០ ឬស្ពាន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់គ.ម៧+៥៨០ និងស្ពានមិត្តភាពកម្ពុជា-ចិន កោះធំត្រង់ គ.ម៤៦+៧១០ ដោយឡែកយានយន្តធុនស្រាលអាចធ្វើចរាចរណ៍បានជាធម្មតា។
អាស្រ័យហេតុនេះមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានស្នើរឱ្យ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកសី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន និងសូម ការយោគយល់អធ្យាស្រ័យ ដោយជួយចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះប្រកបដោយប្រសិទ្ឋភាពខ្ពស់ ៕