រាជរដ្ឋាភិបាលទម្លាក់ថវិកាជិត ២៣ លានដុល្លារសាងសង់ស្ពានឆ្លងកាត់ស្ទឹងឫស្សីជ្រុំ មានទីតាំងស្ថិតនៅ ភូមិ ឆាយលូក ឃុំ អូសោម ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តបាត់ដំបង-ពោធិ៍សាត់ និងខេត្ដកោះកុង ត្រង់គីឡូម៉ែត្រលេខ១២៨+៩១៥។ ហើយស្ពាននេះក៏ត្រូវបានគេចាត់ទុកជាស្ពានដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ។
យោងតាមការចេញផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈវីដេអូខ្លី នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា «ឆ្លងកាត់ស្ទឹងឫស្សីជ្រុំនេះមានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣០ម៉ែត្រ ទទឹង១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុក(Design Load)ចំនួន 55T ហើយគ្រោងចំណាយថវិកាអស់ ២២.៩៣ លានដុល្លារអាមេរិក ដោយរយៈពេលសាងសង់ ២៨ខែ ពោលគឺចាប់ផ្ដើមឡើងក្នុងខែកុម្ភ: ឆ្នាំ ២០២៣ និងគ្រោងបញ្ចប់ក្នុងខែឧសភា ឆ្នាំ២០២៥»។
សូមជម្រាបផងដែរថា គម្រោងសាងសាង់ផ្លូវជាតិលេខ១០ នេះមានប្រវែងសរុប ១៩៧.៣៦ គីឡូម៉ែត្រ និងទទឹង ៩ ម៉ែត្រ។ ហើយនៅក្នុងគម្រោងនេះក្រសួងសាធារណការបានស្ថាបនាស្ពានចំនួន ៣៣ កន្លែងក្នុងនោះក៏មានស្ពានដែលវែងជាងគេឆ្លងកាត់ស្ទឹងឫស្សីជ្រុំនេះផងដែរ។
ផ្លូវនេះគឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកដល់ការ លើកកម្ពស់ប្រសិទ្ធភាព នៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត


