កំណាត់ផ្លូវជាតិលេខ ១ នឹងពង្រីកពី ២ គន្លងទៅ ៦ គន្លង រួមទាំងមានសាងសង់ស្ពាន និងផ្លូវអាកាស
Bunthoeun KoemSEPTEMBER 15 20266.9 K views

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិភាក្សាការងារលើគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ១ និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់) ព្រមទាំងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA HQ) និងតំណាងការិយាល័យ JICA ប្រចាំកម្ពុជា (JICA Cambodia Office)

 

809235453 1554554535852263 2718235630366090151 N

 

អង្គប្រជុំបានផ្តោតលើការពិភាក្សាលម្អិតអំពី៖ ១). ការបង្ហាញរបាយការណ៍បេសកកម្មស្វែងយល់ការពិត (Kick-Off Presentation by Fact Finding Mission Team) លើការសិក្សាសមិទ្ធលទ្ធភាពនៃគម្រោ​ង ២). វិសាលភាពនៃការកែលម្អ និងពង្រីកផ្លូវជាតិលេខ១ ព្រមទាំងការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដឹកជញ្ជូន និងលំហូរចរាចរណ៍លើច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និង ៣).ការពិភាក្សាលើទិដ្ឋភាពបច្ចេកទេស ហិរញ្ញវត្ថុ ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (EIA & RAP) ព្រមទាំងផែនការសកម្មភាពបន្ត។

 

កិច្ចប្រជុំបានប្រព្រឹត្តទៅ និងបញ្ចប់ដោយរលូនតាមការគ្រោងទុក ដោយភាគីពាក់ព័ន្ធបានឯកភាពលើទិសដៅការងារ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះឱ្យលេចរូបរាងឡើងតាមផែនការ។

 

779742428 1560452398896246 5714598118708555613 N

 

សូមជម្រាបថា ការប្រែក្លាយ និងពង្រីកផ្លូវជាតិលេខ១ នេះគឺមានប្រវែងសរុប ៥៣ គីឡូម៉ែត្រ ពង្រីកពី ២ ទៅ ៦ គន្លង និង ៤ គន្លង តាមផ្នែកជាក់ស្តែង រួមទាំងការសាងសង់ផ្លូវអាកាស (Viaduct) នៅចំណុចប្រជុំជន/ផ្សារសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាកកស្ទះ។ ចំណែកការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (តភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងទី២) ជាប្រភេទស្ពាន Extradosed Bridge តភ្ជាប់រវាងរាជធានីភ្នំពេញ និងតំបន់អរិយក្សត្រ ព្រមទាំងផ្លូវតភ្ជាប់សំខាន់ៗ។

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia