ដំណឹងរំភើប! វិទ្យាស្ថានរបស់សហរដ្ឋអាមេរិកសម្រេចប្រគល់វត្ថុបុរាណ ៣ អង្គនេះជូនមកកម្ពុជាវិញ
Bunthoeun KoemDECEMBER 17 2025535 views

វត្ថុបុរាណរមតករបស់ដូនតាខ្មែរចំនួន៣អង្គ ដែលត្រូវបានលួចចេញពីកម្ពុជាអស់រយៈពេលជាយូរឆ្នាំមកហើយនោះ ពេលនេះត្រូវសម្រេចប្រគល់ជូនមកប្រទេសកម្ពុជាវិញតាមរយៈសារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថានស្មិតសូនីញាន (National Museum of Asian Art of the Smithsonian Institution) របស់សហរដ្ឋអាមេរិក។​

 

600555019 796764056731139 4635478596543576004 N

 

យោងតាមការចេញផ្សាយដោយក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ បន្ទាប់ពីធ្វើការចរចាអស់រយៈពេលជាច្រើនឆ្នាំមក រវាងក្រុមការងារកម្ពុជា ជាមួយសារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថានស្មិតសូនីញាន សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សានៃវិទ្យាស្ថានស្មិតសូនីញាន បានសម្រេចជាផ្លូវការប្រគល់វត្ថុបុរាណខ្មែរចំនួន៣រូបជូនមកកម្ពុជាវិញ ដែលក្នុងនោះរួមមាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។

 

Photo 2024 01 09 09 28 29

 

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានប្រសាសន៍ថា “កម្ពុជាតែងបញ្ជាក់ច្បាស់ថា វត្ថុបុរាណខ្មែរដែលបានបញ្ជូនមកមាតុភូមិកំណើតវិញ រួមទាំងវត្ថុទាំង៣នេះ មិនត្រឹមតែជាស្នាដៃសិល្បៈដ៏ពិចិត្រនោះទេ ប៉ុន្តែគឺជានិមិត្តរូបនៃព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្មែរ។ មិនតែប៉ុណ្ណោះ តេនៈសម្បត្តិទាំងនេះ គឺជាឱសថព្យាបាលរបួសផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា ដែលបាន ឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍កន្លងមក និងការបាត់បង់បេតិកភណ្ឌវប្បធម៌ជាតិ”។

 

លោកជំទាវបណ្ឌិតសភាចារ្យ ថ្លែងបន្តថា “យើងមានសេចក្តីរំភើបរីករាយចំពោះកិច្ចសហប្រតិបត្តិការ ជាមួយវិទ្យាស្ថានស្និតសូនីញាន ក្នុងភាពជាដៃគូប្រកបដោយភាពស្មោះត្រង់ និងជំនឿទុកចិត្តគ្នា ដែលបាន បង្កលក្ខណៈល្អប្រសើរដល់ការធ្វើមាតុភូមិនិវត្តន៍នៃសម្បត្តិវប្បធម៌ទាំងនេះ។ យើងក៏សង្ឃឹមយ៉ាងមុតមាំដែរថា សារមន្ទីរដទៃទៀត នឹងយកគម្រូតាមវិទ្យាស្ថានស្និតសូនីញាន ក្នុងការអនុម័ត និងអនុវត្តគោលការណ៍ក្រម សីលធម៌នេះ ដែលជាគោលការណ៍ផ្តល់ភាពងាយស្រួលសម្រាប់ប្រទេសនានា ដូចជាកម្ពុជា ក្នុងការទាមទារ សម្បត្តិវប្បធម៌ដែលបានបាត់បង់ក្នុងសម័យសង្គ្រាម បញ្ជូនត្រឡប់មកប្រទេសកំណើតវិញ”៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia