ជាដំណឹងល្អ សម្រាប់អ្នកដែលចង់ធ្វើអត្តសញ្ញាណប័ណ្ណថ្មី ឬបន្តសុពលភាព បាត់ ខូច និងកែតម្រូវ ឥឡូវនេះអាចធ្វើនៅរាជធានីភ្នំពេញបានហើយ។ នេះបើយោងតាមការបញ្ជាក់នៅលើហ្វេសប៊ុកផេករបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាលពីពេលថ្មីៗនេះ។
នៅក្នុងសារបង្ហោះលើហ្វេសប៊ុក ឯកឧត្តមគូសបញ្ជាក់ថា នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានទីតាំងនៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ក្រោយវត្តនិរោធ) មានទទួលផ្តល់សេវា ធ្វើថ្មី បន្តសុពលភាព បាត់ ខូច និងកែតម្រូវ សម្រាប់ពលរដ្ឋមកពីគ្រប់ រាជធានី ខេត្ត។
គួរឱ្យដឹងដែរថា កន្លងទៅថ្មីៗនេះ ឯកឧត្តមក៏ធ្លាប់បានលើកឡើងដែរថា ជាទូទៅការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ធ្វើរួចរាល់ ត្រូវការរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ។ ករណីហួសពេលនេះ អាចសាកសួរនៅកន្លែងធ្វើ ឬ Download កម្មវិធី GDI eServices ដើម្បីមើលព័ត៌មាន ឬទាក់ទងមកលេខ ១២៧១ បាន៕