ធនាគារជាតិនៃកម្ពុជានាពេលថ្មីៗនេះ បានធ្វើការណែនាំទៅកាន់គ្រឹះស្ថានធានគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ធ្វើយ៉ាងណាប្រគល់ឯកសារសម្គាល់ទ្រព្យធានាជូនទៅកាន់អតិថិជនវិញយ៉ាងយូរត្រឹមរយៈពេល ៧ នៅពេលដែលអតិថិជនបានទូទាត់សងចប់សព្វគ្រប់ហើយនោះ។
យោងតាមសារាចរណែនាំចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិ បានឲ្យដឹងថា «ក្នុងគោលបំណងរួមចំណែកដល់ការរក្សាទំនុកចិត្តរបស់អតិថិជនចំពោះប្រព័ន្ធ ធនាគារទាំងមូល ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ឱ្យផ្តល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងលិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សងឥណទានចប់ជាស្ថាពរ»។
នៅក្នុងសារាចរណែនាំខាងលើដដែល ធនាគារជាតិនៃកម្ពុជា ក៏បានធ្វើការស្នើសុំឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ជ្រាប និង សហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕