កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កាសែតម៉ាឡេស៊ីព្រោងព្រាត បានចុះផ្សាយពីដំណឹងមរណភាព ក្នុងវ័យ៧៥ឆ្នាំ របស់មហាសេដ្ឋីទី៧នៅម៉ាឡេស៊ីគឺលោក Tan Sri Dr Chen Lip Keong ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនួញឆ្លងប្រទេស ជាថៅកែធំរបស់កាស៊ីណូ Naga World ដែលឈរចង្ក្រឹងៗកណ្តាលក្រុងភ្នំពេញ។
យោងតាមប្រភពពី Tatler asia បានឱ្យដឹងថាមហាសេដ្ឋីដែលមានជំនួញក្នុងដៃលើវិស័យអចលនទ្រព្យ ថាមពល និងរមណីយដ្ឋានក្នុងនិងក្រៅប្រទេសលោក Dr. Lip Keong មិនត្រឹមតែជាអ្នកជំនួញទ្រព្យពាន់លានដុល្លារប៉ុណ្ណោះទេ លោកក៏ជាវេជ្ជបណ្ឌិតដែលសកម្មលើសកម្មភាពសប្បុរសធម៌ នៅក្នុងប្រទេសកម្ពុជា និងសិង្ហបុរីផងដែរ។
មានទីកន្លែងកំណើតនៅ Kinta Valley លោកបានសិក្សារៀនសូត្រផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Malaya និងបានបំពេញបេសកម្មរបស់គាត់ជាដុកទ័រជំងឺទូទៅនៅមន្ទីរពេទ្យ Kuala Lumpur មុនពេលងាកមករកស៊ីក្នុងឆ្នាំ១៩៩៤ ជាពេលដែលលោកបានមកប្រទេសកម្ពុជាដើម្បីវិនិយោគលើវិស័យអចលនទ្រព្យ និងវិស័យថាមពល។
ក្នុងឆ្នាំដដែលនោះលោក Dr. Lip Keong ក៏បានឈ្នះកញ្ចប់ហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិ និងទេសចរណ៍ជាមួយនិងអាជ្ញាប័ណ្ណកាស៊ីណូដើម្បីធ្វើការវិនិយោគពាណិជ្ជកម្ម ជាមួយកិច្ចព្រមព្រៀងកាន់កាប់អាជ្ញាបណ្ណ័រយៈពេល ៧០ឆ្នាំ និងការធានានូវភាពផ្តាច់មុខរយៈពេល ៥១ ឆ្នាំនៅក្នុងទីក្រុងភ្នំពេញ។
ប្រភពដដែលបានឱ្យដឹងថាលោក Dr. Lip Keong គឺជាមហាសេដ្ឋីម៉ាឡេស៊ីដែលឈរពីក្រោយណាហ្គាវើលដ៍ជាមជ្ឈមណ្ឌលកម្សាន្តដំបូងគេ និងតែមួយគត់នៅកម្ពុជា ដែលបានរួមចំណែកដល់ GDP របស់ប្រទេសតាមរយៈវិស័យទេសចរណ៍ ក៏ដូចជាតាមរយៈការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។
នៅឆ្នាំ ២០១៧ លោកក៏បានវិនិយោគទឹកប្រាក់ចំនួន ៣៦៩ លានដុល្លារអាមេរិកដើម្បី បង្កើតណាហ្គាវើលដ៍ទី ២ ដែលជាកន្លែងកម្សាន្តដ៏ទូលំទូលាយលំដាប់ពិភពលោករួមមានសណ្ឋាគារលំដាប់ផ្កាយប្រាំ ការដើរទិញឥវ៉ាន់ រោងមហោស្រព ក៏ដូចជាកន្លែង F&B ជាច្រើន។
មជ្ឍមណ្ឌលកម្សាន្ត Naga2 នេះជាទៅជាកន្លែងកម្សាន្តរួមបញ្ចូលគ្នាដ៏ធំមួយដោយសព្វថ្ងៃនេះក្រុមហ៊ុន NagaCorp Ltd ដែលជាក្រុមហ៊ុនមេរបស់ Naga World គឺជាមជ្ឈមណ្ឌលកម្សាន្តដ៏ជោគជ័យបំផុតមួយរបស់ពិភពលោក។
បន្ថែមពីនោះក្នុងនាមលោកធ្លាប់ជាវេជ្ជបណ្ឌិតម្នាក់ លោក Tan Sri Dr Chen Lip Keong ក៏បានចូលរូមក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 និងបានបរិច្ចាគប្រាក់រាប់លានដុល្លារដើម្បីទិញវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជានិងបានបរិច្ចាគរាប់លានដុល្លារទៅ ឱ្យមូលនិធិសប្បុរសធម៌ពង្រីកជំនួយផ្នែកហិរញ្ញវត្ថុដល់អ្នកជំងឺដែលខ្វះខាតនិងកើតជំងឺកម្រនៅសិង្ហបុរីផងដែរ។
គួរជម្រាបផងដែរថា នៅក្នុងបញ្ជីអ្នកមានបំផុតទាំង៥០ របស់ Forbes Malaysia សម្រាប់ឆ្នាំ២០២៣ លោក Tan Sri Dr Chen Lip Keong គឺជាអ្នកមានបំផុតទី៧ នៅក្នុងប្រទេសដែលមានទ្រព្យសម្បត្តិប្រមាណ ២.៨ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ខណៈនៅពាក់កណ្តាលខែធ្មូ ឆ្នាំ២០២៣ដដែលនេះ លោកត្រូវបានគេរាយការណ៍ថាបានទទួលមរណភាពនៅសហរដ្ឋអាមេរិក ដោយពុំបញ្ជាក់ពីមូលហេតុឡើយ។ យ៉ាងណាមិញ មហាសេដ្ឋីរូបនេះធ្លាប់បានទទួលរងការវាយប្រហារធ្ងន់ធ្ងរពីជំងឺដាច់សរសៃឈាមខួរក្បាលកាលពី១០ឆ្នាំមុន៕
អត្ថបទដោយ៖ ពីង ជូអេង


