លោក Chen Lip Keong គឺជាមហាសេដ្ឋីលំដាប់ទី៧ក្នុងប្រទេសម៉ាឡេស៊ីប្រចាំឆ្នាំ២០២២ មានទ្រព្យ៣.១ពាន់លានដុល្លារ និងជាម្ចាស់មជ្ឈមណ្ឌលកម្សាន្តធំជាងគេនៅរាជធានីភ្នំពេញណាហ្គាវើល (Naga World)។ ងាកមកមើលកូនប្រុសច្បងរបស់លោកក៏មានសមត្ថភាពខ្លាំងមិនចាញ់ឪពុកដូចសុភាសិតខ្មែរលើកឡើងថា៖ «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ឬ ឪខ្លា កូនក៏ខ្លាដែរ។
បុរសវ័យ៤០ឆ្នាំ លោក Chen Yiy Fon ជាកូនប្រុសច្បងក្នុងចំណោមបងប្អូនបីនាក់នៃគ្រួសារលំដាប់អភិជនលោក Chen Lip Keong។ Yiy Fon បានសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈពីសាកលវិទ្យាល័យ Southern California ប៉ុន្តែមិនបានរៀនចប់ចុងចប់ដើមនោះទេ និងបានចូលបម្រើការងារនៅ NagaCorp Ltd. ដែលជាក្រុមហ៊ុនឪពុករបស់ខ្លួន។
ធំធាត់ក្នុងគ្រួសារអ្នកជំនួញ និងមានចំណេះដឹងលើរឿងរកស៊ីតាំងពីតូច រួមទាំងមានបុរសខ្លាំងម្នាក់ជាជន្ទុលជួយជ្រោមជ្រែងពីក្រោយថែមទៀត បច្ចុប្បន្នយុវជនមានអនាគតភ្លឺស្វាងរូបនេះ កាន់តំណែងជានាយកប្រតិបត្តិ និងនាយកប្រតិបត្តិមិនឯករាជ្យនៅក្រុមហ៊ុន Petaling Tin Bhd., Karambunai Corp. Bhd. និង NagaCorp Ltd.។ មិនតែប៉ុណ្ណោះលោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលក្នុងក្រុមហ៊ុនធំៗចំនួន៧ផ្សេងទៀតផងដែរ។
គួរជម្រាបថា មហាសេដ្ឋីប្រាក់វាលលាន លោក Tan Sri Dr.Chen Lip Keong ដែលត្រូវជាឪពុករបស់លោក Chen Yiy Fon ទទួលបានគោរមងារលំដាប់កំពូលរបស់ប្រទេសម៉ាឡេស៊ីលំដាប់ទី២ «Tan Sri»។ ចំណែកឯប្រភពប្រាក់ចំណូលធំៗរបស់លោក ក្រៅពីតួនាទីជាម្ចាស់ Naga World លោកកសាងប្រាក់ចំណូលមកពីការរកស៊ីក្នុងវិស័យកាស៊ីណូ អចលនទ្រព្យ និងថាមពល។ គិតត្រឹមឆ្នាំ២០២២ លោក Chen Lip Keong មានអាយុ៧៣ឆ្នាំ និងបានរៀបការជាមួយអ្នកស្រី Lee Chou Sarn ដោយមានកូនប្រុស៣នាក់ជាចំណងដៃ ក្នុងនោះរួមមានលោក Chen Yiy Fon ជាអគ្គនាយករងណាហ្គាវើល ទទួលផ្នែកទំនាក់ទំនង និងលក់។ លោក Chen Yepern ជាអគ្គនាយកណាហ្គាវើល និង លោក Chen Yiy Hwuan នាយកប្រតិបត្តិនៅក្រុមហ៊ុនអចលទ្រព្យ Petaling Tin Berhad៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366