បុណ្យភូមិ គឺជាមហោស្រពសិល្បៈលេចធ្លោមួយដែលបានអង្រួនចិត្តមហាជន ជាពិសេសយុវវ័យ ឲ្យទទួលបានបរិយាកាសរីករាយក្នុងការឈ្វេងយល់នៃសិល្បៈ និងវប្បធម៌របស់កម្ពុជា ក៏ដូចជាផ្សារភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគតផងដែរ។ ចុះតើនរណាឈរពីក្រោយព្រឹត្តិការណ៍ដ៏ធំនេះ?
បុណ្យភូមិ បានចាប់កំណើតឡើងក្នុងឆ្នាំ២០១៤ ដែលកើតចេញពីការសន្ទនាមួយរបស់យុវជនបួនរូបរួមមាន កញ្ញា រិទ្ធី លំអរពេជ្រ កញ្ញា រិទ្ធី លំអរកេសរ លោក បូ សកលកិត្យា និងកញ្ញា អ៊ុំ ច័ន្ទទេវី ជជែកគ្នាពីវប្បធម៌នៃការក្រាលកន្ទេលមើលល្ខោនដែលបានបាត់ប្រជាប្រិយភាពទៅបន្តិចម្តងៗ។ ក្នុងគ្រាចាប់ផ្តើមដំបូងនោះ មានក្រុមការងារស្ម័គ្រចិត្តមិនដល់៣០នាក់ទេ ហើយសុទ្ធសឹងតែជាមិត្តភក្តិជិតស្និទ្ធរបស់សហស្ថាបនិក ជាមួយធនធានតិចតួចបំផុតដែលបានមកពីការរៃអង្គាសគ្នានិងរៀបចំឡើងចេញជាឆាកតូចៗធ្វើពីគ្រែ ត្បិតពុំមានអ្នកឧបត្ថម្ភបើទោះបីខំផ្សព្វផ្សាយយ៉ាងណាក្តី។
យ៉ាងណាមិញ បើយើងក្រឡេកមើលខ្សែជីវិតសហស្ថាបនិកមួយរូបរបស់ បុណ្យភូមិ វិញគឺកញ្ញា រិទ្ធី លំអរពេជ្រ ហៅ យូគី ដែលជាផលិតករឯករាជ្យ និងជាអគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុនភ្លើងគប់។ កញ្ញាមានស្រុកកំណើតក្នុងរាជធានីភ្នំពេញ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រ ពីសាលា Department of Media and Communication (DMC) រួមទាំងបានបន្តការសិក្សាវគ្គខ្លីលើវិស័យភាពយន្តជាច្រើនប្រទេស។
ទំព័រជីវិតការងារដំបូង យុវត្តីវ័យ៣០ឆ្នាំរូបនេះបានចូលខ្លួនធ្វើការនៅ DMC ក្នុងកម្មវិធី ស្នេហ៍៩ ក្នុងនាមជាជំនួយការអ្នកដឹកនាំ។ លុះដល់រដូវកាលទីពីរ កញ្ញាក៏ទទួលបានឱកាសសរសេរជា Episode (វគ្គ) និងដឹកនាំសម្តែងដោយផ្ទាល់តែម្តង។ ក្រោយមក កញ្ញាបានចាប់ផ្តើមថតស្ពតពាណិជ្ជកម្ម រឿងខ្លី និងភាពយន្តផ្សេងៗ រហូតមកទល់បច្ចុប្បន្ន រួមទាំងកសាងស្នាដៃ ទទួលបានពាន់រង្វាន់ទាំងក្នុងស្រុកនិងក្រៅស្រុកជាច្រើន។
ថ្លែងដោយសំឡេងច្បាស់ៗភ្ជាប់នឹងស្នាមញញឹម ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia ផលិតករវ័យក្មេង និងជាប្រធានមហោស្រពបុណ្យភូមិរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «មិនថាអ្នកជាស្រី ប្រុស ឬភេទណាមួយក៏ដោយ គឺយើងមានតម្លៃស្មើៗគ្នា មានសិទ្ធ និងមានឱកាសក្នុងការសុបិនអ្វីដែលយើងចង់ធ្វើ»។ កញ្ញាបានបន្តទៀតថា៖ «យើងមានអតិភាព មានអំណាចក្នុងការធ្វើក្តីសុបិននោះឲ្យបានទៅតាមទម្រង់របស់យើង។ បើវាមិនទាន់អាចជោគជ័យនៅថ្ងៃនេះទេ យើងអាចជោគជ័យនៅថ្ងៃស្អែក ឬក៏ថ្ងៃស្អែកមួយទៀត។ ហើយពាក្យថាជោគជ័យមួយម៉ាត់ យើងជាអ្នកកំណត់ខ្លួនឯង ពុំមាននរណាមកកំណត់នោះឡើយ»។
គួរជម្រាបផងដែរថា អស់រយៈកាល១០ឆ្នាំមកហើយដែលបុណ្យភូមិបានកកើតឡើង។ គំនិតតូចមួយពីសហស្ថាបនិកទាំងបួនរូប បានក្លាយជាមហោស្រពសិល្បៈដ៏ធំមួយលើទឹកដីប្រទេសកម្ពុជា ហើយវាសឹងតែមិនគួរឲ្យជឿដែលប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈមានការស្រលាញ់បុណ្យភូមិដូចជាពួកគេដែរ។ មិនតែប៉ុណ្ណោះ ក្នុងឆ្នាំទី១០នេះ មហោស្រពបុណ្យភូមិនឹងធ្វើឡើងរយៈពេល១០ថ្ងៃ ដែលត្រូវបានបែងចែកជា ៣សប្តាហ៍។ សប្តាហ៍ទី១ ធ្វើនៅ ហ្វេកតូរី ភ្នំពេញ ពីថ្ងៃទី០១-ទី០២ ខែមេសា។ សប្តាហ៍ទី២ ធ្វើនៅ ផ្សារ ជីប ម៉ុង មេហ្គាម៉ល ២៧១ ពីថ្ងៃទី០៣-ទី០៦ ខែមេសា។ សប្តាហ៍ទី៣ ធ្វើនៅទីតាំងវត្តដែលមានចម្ងាយ៤៥នាទីពីទីក្រុង ពីថ្ងៃទី០៧-ទី០៩ ខែមេសា ឆ្នាំ២០២៣៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦