អ្នកស្រី ខន រដ្ឋា បច្ចុប្បន្នគឺជាម្ចាស់ហាងពេជ្រ ANON Diamond (ហាងពេជ្រ អនន្ត) ដែលជាស្រ្តីមួយរូបធ្លាប់រកស៊ីបរាជ័យខាតជាច្រើនលើកជាច្រើនសារ តែមិនខ្ចីចុះចាញ់ជាមួយព្រហ្មលិខិត មិនខ្ចីបាក់ទឹកចិត្តហ៊ានក្រោកឡើងម្តងទៀត រហូតអាចប្រែក្លាយជាថៅកែហាងពេជ្រវ័យក្មេង១រូបផងដែរ។
ជាក់ស្តែង នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហមអ្នកស្រី ខន រដ្ឋា ដែលជាម្ចាស់ហាងពេជ្រអនន្ត បានបង្ហើបឱ្យដឹងថា នៅអំឡុងឆ្នាំ២០១៦ អ្នកស្រីបានមកបើកហាងបោកគួកសម្លៀកបំពាក់មួយកន្លែងនៅម្តុំសាលាវ៉ាន់ដា តែហាងបោកគួករបស់អ្នកស្រីគឺគ្មានអតិថិជនយកសម្លៀកបំពាក់មកបោកគួកទេពោលគឺស្ងប់ស្ងាត់ខ្លាំងមែនទែន ជួនកាលហេតុតែចង់បានភ្ញៀវពេកអ្នកស្រីជិះម៉ូតូទៅយកខោអាវដល់ផ្ទះអតិថិជនក៏មានដែរ។
ម្ចាស់ហាងពេជ្រអនន្ត បាននិយាយបន្តថា ខំប្រឹងប៉ិនហ្នឹងហើយទីបំផុតហាងបោកគួកសម្លៀកបំពាក់របស់អ្នកស្រីក៏នៅតែគ្មានភ្ញៀវទៀត រហូតធ្វើឱ្យអ្នកស្រីបរាជ័យអាជីវកម្មមួយនេះខាតលុយអស់ប្រមាណជាង ៥ពាន់ដុល្លារ។ បើទោះបីជាបរាជ័យម្តងហ្នឹងហើយក៏អ្នកស្រីមិនខ្ចីចុះចាញ់ដែរ ដោយអ្នកស្រីបានចាប់ផ្តើមចង់ឡាយលក់ខោអាវវិញម្តងតែបើក្រឡេកមកមើលខ្លួនឯងវិញអ្នកស្រីគ្មានភាពក្លាហានក្នុងការឡាយទេដូចនេះហើយទើបអ្នកស្រីសម្រេចមិនលក់ខោអាវឡើយ។
អ្នកស្រី រដ្ឋា បានបន្ថែមថា បន្ទាប់ពីបរាជ័យលើរបររកស៊ីជាច្រើនលើកច្រើនសារអ្នកស្រីក៏ចាប់ផ្តើមងាកមកមើលខ្លួនឯងជាថ្មីម្តងទៀត ថាអ្នកស្រីមានជំនាញអ្វីហើយពូកែអ្វីឱ្យប្រាកដ ហើយបើករកស៊ីរបរក្រោយតើរបរនោះសមជាមួយនឹងចំណង់ចំណូលចិត្តរបស់អ្នកស្រីក៏ដូចជាមើលទីផ្សារល្អទេ។ សួរខ្លួនឯងម្តងហើយម្តងទៀត ទីបំផុតអ្នកស្រីក៏ឃើញរបរលក់ពេជ្រ ព្រោះលោកស្រីនឹកឃើញថាប្រសិនជាមានកូនស្រី លោកស្រីចង់មានរបរមួយទុកបន្សល់ឱ្យកូនៗរបស់អ្នកស្រី ដូចនេះទើបអ្នកស្រីចាប់យករបរលក់ពេជ្រនេះតែម្តង។
ក្រោយពីសម្រេចចិត្តច្បាស់លាស់ថានឹងរកស៊ីរបរបើកហាងពេជ្រនេះ អ្នកស្រីក៏បានសម្រេចចិត្តទៅរៀនមើលពេជ្រដើម្បីឱ្យបានស្គាល់ពីពេជ្រប្រភេទអ្វីបានយ៉ាងច្បាស់លាស់ ហើយអ្នកស្រីក៏បានទៅរៀនពីការដាំពេជ្របន្ថែមទៀតផងដែរ ក្រោយពីដឹងថាខ្លួនឯងរៀនទាក់ទងជាមួយពេជ្របានចេះយ៉ាងស្ទាត់ជំនាញហើយទើបអ្នកស្រីបានសម្រេចចិត្តឡាយលក់ពេជ្រតាមអនឡាញរហូតអាចបើកហាងធំ១នៅភ្នំពេញតែម្តង។
ដើម្បីកុំឱ្យអ្នករកស៊ីជំនាន់ក្រោយពេលចេញរកស៊ីទៅឆាប់បរាជ័យ ដែលនាំឱ្យខាតទាំងពេលវេលា ខាតទាំងលុយកាក់ទៀតនោះ អ្នកស្រី ខន រដ្ឋា ដែលជាម្ចាស់ហាងពេជ្រ ANON Diamond (ហាងពេជ្រ អនន្ត) ក៏បានបង្ហើបពីក្បួនរើសមុខរបរ២ ដែលអ្នករកស៊ីគួរមាន៖
១. ច្បាស់ជាមួយខ្លួនឯងថានៅជាមួយរបរនោះបានរហូតឬអត់៖ នៅត្រង់ចំណុចនេះ អ្នកស្រី ខន រដ្ឋា បានពន្យល់ថា មុននឹងចាប់ផ្តើមរបររកស៊ីអ្វីមួយយើងត្រូវតែសួរខ្លួនឯងថាស្រលាញ់របរនោះអត់ ហើយមានពេលវេលាគ្រប់គ្រាន់ជាមួយវាឬអត់ ជាបទពិសោធន៍របស់អ្នកស្រី កាលពីធ្លាប់រកស៊ីខាតនៅលើរបរបោកគួក គឺអ្នកស្រីមិនបានច្បាស់ជាមួយខ្លួនឯងឡើយ ពោលគិតថាចង់រកស៊ីអ្វីគឺទៅរកស៊ីរបរនោះភ្លាមៗតែម្តង ដែលជាហេតុធ្វើឱ្យបរាជ័យខាតលុយអស់ខ្ទង់ពាន់ដុល្លារ។
ប៉ុន្តែចំពោះរបរក្រោយនេះវិញ ដែលជារបរលក់ពេជ្រអ្នកស្រីមានភាពច្បាស់លាស់ជាមួយវាណាស់ ពីព្រោះរបរនេះគឺប្រៀបដូចជាកេរ្តិ៍ឈ្មោះរបស់អ្នកស្រីអញ្ចឹងពោលបើបើកហើយមិនអាចចង់បើកបិទតាមចិត្តឡើយ ព្រោះបើរកស៊ីសុខៗទៅបិទហាងពេជ្រចោលវាប្រាកដជាប៉ះពាល់ដល់ឈ្មោះយើង ម្យ៉ាងទៀតនោះទម្រាំតែបើកហាងពេជ្រនេះបានអ្នកស្រីចំណាយពេលច្រើនណាស់ដើម្បីទៅរៀនឱ្យយល់ពីរបៀបមើលពេជ្រ ម្យ៉ាងរកស៊ីរបរនេះអ្នកស្រីមានគោលដៅច្បាស់លាស់ណាស់ព្រោះអ្នកស្រីចង់បន្សល់របរនេះទៅដល់កូនដូច្នេះទើបអ្នកស្រីច្បាស់ជាមួយខ្លួនឯងថានឹងបើករបរលក់ពេជ្រនេះដល់ចាស់តែម្តង។
២.ចង់រកស៊ីរបរអ្វីត្រូវតែច្បាស់លាស់ជាមួយរបរនោះ៖ ការរកស៊ីមុខរបរមួយគឺទាមទារឱ្យយើងមានជំនាញច្បាស់លាស់ ក៏ដូចជាយល់ច្បាស់ជាមួយរបរនេះ តួយ៉ាងដូចជាអ្នកស្រី ខន រដ្ឋា អញ្ចឹង មុននឹងអ្នកស្រីអាចប្រែខ្លួនឯងឱ្យក្លាយជាម្ចាស់ហាងពេជ្រដ៏ល្បីឈ្មោះមួយនេះ គឺអ្នកស្រីបានចំណាយពេលរៀនជាមួយពេជ្រនេះច្បាស់ណាស់ មិនថាជាប្រភេទពេជ្រអ្វីឡើយគឺគ្រាន់តែក្រឡេកភ្នែកបន្តិចអ្នកស្រីស្គាល់ច្បាស់តែម្តង។ ហើយចំណុចដែលយើងជាអ្នករកស៊ីច្បាស់លាស់ជាមួយរបរខ្លួនឯង ហើយបានសិក្សាស្វែងយល់ឱ្យច្បាស់ពីរបរដែលខ្លួនចង់រកស៊ីហើយក៏ដូចជាច្បាស់ជាមួយខ្លួនឯងថែមទៀតនោះពីមួយថ្ងៃរបរពេជ្ររបស់អ្នកស្រីកាន់តែរីកធំឡើងដូចសព្វថ្ងៃនេះ។
សូមបញ្ជាក់ថា ហាងពេជ្រ ANON Diamond ហាងពេជ្រ អនន្ត របស់អ្នកស្រី ខន រដ្ឋា គឺមានលក់ពេជ្រតែមួយប្រភេទប៉ុណ្ណោះគឺប្រភេទពេជ្រធម្មជាតិ ចំណែកឯផ្លាកទីនវិញក៏មានលក់តែ១ប្រភេទដូចគ្នាគឺផ្លាកទីនទឹក ៧កន្លះ។ លើសពីនេះនៅទៀតចំពោះលោក លោកស្រីដែលចង់ទៅមើលពេជ្រនៅហាងរបស់គាត់គឺបុគ្គលិកចាំស្វាគមន៍ជានិច្ច មិនថាទៅចង់មើលសិន ឬទៅទិញនោះទេគឺបានទាំងអស់ ដោយលោកអ្នកអាចជិះទៅហាងពេជ្ររបស់គាត់ដែលមានទីតាំង នៅជាប់ផ្សាទំនើបអ៊ីអន0២ ក្នុងបុរីដឺព្រេមៀរលែនសែនសុខ ផ្ទះលេខ58 ផ្លូវ Avenue D (ផ្ទះកញ្ចក់ពណ៌មាស) ឬធ្វើការទំនាក់ទំនងទៅកាន់លេខ 096 660 0909 ៕
អត្ថបទ៖ ធី ស្រីល័ក្ខ