រកស៊ីកាន់តែធំ តួនាទីកាន់តែច្រើន ប្រាកដជាប្រឈមនឹងបញ្ហារវល់គ្មានស្វាង ប្រសិនបើបុគ្គលម្នាក់នោះ ខ្សោយខាងការរៀបចំការងារ និងបែងចែកពេលវេលាឱ្យបានត្រឹមត្រូវ។ ការរៀបចំការងារមិនបានត្រឹមត្រូវ ការចាយពេលវេលាខុសគោលដៅ វានឹងធ្វើឱ្យជីវិតមានភាពរញ៉េរញ៉ៃ ស្ត្រេសរាល់ថ្ងៃ រហូតអាចបណ្ដាលឱ្យអាជីវកម្មបរាជ័យផងក៏មាន។
ដោយសង្កេតឃើញបញ្ហារៀបចំការងារ និងពេលវេលា ពិតជាមានសារៈសំខាន់ ទើបក្រុមការងារ Business Cambodia បានធ្វើការសម្ភាសន៍ដោយផ្ទាល់ជាមួយអ្នកជំនួញវ័យក្មេង លោក ថន ណារ៉េត ហៅលោកសង្ហា បច្ចុប្បន្នជា ថៅកែហាងពេជ្រដ៏ល្បីឈ្មោះ CID Diamond ជាអ្នកដឹកនាំអាជីវកម្មមួយចំនួនទៀត និងកាន់ការងារផ្សេងៗមួយចំនួនទៀត ក្នុងក្លឹបធុរៈកិច្ចដូចជា CEO Master Club, BNI ជាដើមនោះ ទាក់ទិននឹងការរៀបចំការងារ និងពេលវេលារបស់លោក ដែលធ្វើឱ្យលោកអាចសម្រេចកិច្ចការងារបានច្រើនបំផុត។
ទាក់ទិននឹងបញ្ហានេះ លោកបានបង្ហើបនូវគន្លឹះរៀបចំការងារ និងពេលវេលារបស់លោក ដោយប្រកាន់នូវអាទិភាពការងារ តាម៣វិធីដូចខាងក្រោម៖
១. ផ្ដោតអាទិភាពលើការងារដែលអាចផ្ដល់ចំណូលឱ្យអ្នកមុនគេ
ជាធម្មតានោះទេ សកម្មភាពប្រចាំថ្ងៃ ដែលធ្វើឱ្យមនុស្សភាគច្រើនរវល់គ្មានស្វាង គឺដោយសារតែខិតខំស្វែងរកចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ។ អាស្រ័យហេតុនេះហើយ សម្រាប់លោកវិញ ក៏ដូចគ្នា ពោលគឺរាល់ការងារណាដែលអាចផ្ដល់ចំណូល ឬប្រាក់ចំណេញឱ្យលោកមុន លោកត្រូវប្រញាប់ក្នុងការសម្រេចការងារនោះមុនគេ ផ្ដល់ពេលវេលាសម្រាប់ការងារនោះមុនគេផងដែរ។ ឧទាហរណ៍ប្រសិនបើមានការងារចំនួន ៣យ៉ាងត្រូវធ្វើ ប៉ុន្តែមានការងារមួយទាក់ទិននឹងការចុះកុងត្រា ឬអតិថិជនកក់ប្រាក់ផ្សេងៗ នោះលោកនឹងផ្ដោតលើការសម្រេចការងារនោះជាអាទិភាពទី១។
២. ផ្ដោតលើការងារណាដែលសំខាន់បំផុតសម្រាប់អាជីវកម្ម
ក្នុងនាមជាអ្នករកស៊ី គប្បីត្រូវផ្ដោតឱ្យខ្លាំងលើការតាមដានប្រតិបត្តិការប្រចាំថ្ងៃ របស់អាជីវកម្មឱ្យបានល្អផងដែរ។ ជាក់ស្ដែងសម្រាប់លោកផ្ទាល់ ត្រូវតាមដានលើការងារដែលសំខាន់ៗប្រចាំថ្ងៃសម្រាប់អាជីវកម្មដូចជា៖ របាយការផ្សព្វផ្សាយ ផ្នែកលក់ ប្រតិបត្តិការប្រចាំថ្ងៃផ្សេងៗទៀត ដែលការងារទាំងនោះនឹងជួយឱ្យអាជីវកម្មលោករីកចម្រើនទៅមុខកាន់តែឆាប់រហ័ស។
៣. ផ្ដោតលើការងារណាដែលប្រញាប់បន្ទាន់
បន្ទាប់ពីផ្ដោតលើការងារសំខាន់ជាអាទិភាពទី២ គឺការងារបន្ទាប់ដែលត្រូវផ្ដោតគឺទាក់ទិននឹងការងារដែលប្រញាប់បន្ទាន់។ ប៉ុន្តែការងារប្រភេទនេះ គប្បីត្រូវមានភាពឆ្លាតវៃក្នុងការរៀបចំ ត្រៀមខ្លួនទុកមុនផងដែរប្រសិនបើអាច។ ប្រសិនបើការងារនោះសំខាន់ហើយបន្ទាន់ទៀត គឺរឹតតែឱ្យវាជាអាទិភាព។ ផ្ទុយទៅវិញ ប្រសិនបើការងារនោះបន្ទាន់តែមិនសូវសំខាន់ទេ អ្នកអាចផ្ទេរឱ្យនរណាម្នាក់ធ្វើជំនួសអ្នកបាន។
ក្រៅពីចំណុចសំខាន់ទាំង៣ខាងលើ លោកក៏តែងតែអនុវត្តនូវការកត់ត្រា ពីកិច្ចការងារត្រូវធ្វើជាប្រចាំផងដែរ។ ក្រៅពីការរៀបចំការងារប្រចាំថ្ងៃ លោកក៏តែងតែរៀបចំការងារប្រចាំសប្ដាហ៍ និងប្រចាំខែទុកជាមុនផងដែរ ពោលគឺ ជាទូទៅក្នុង១ថ្ងៃ លោកតែងតែមានកិច្ចការងារសំខាន់យ៉ាងតិចមួយដែលត្រូវតែធ្វើ។ គន្លឹះសំខាន់មួយទៀត គឺលោកតែងតែប្រើឧបករណ៍ជំនួយដូចជាទូរស័ព្ទ ប្រតិទិនជាដើម ដើម្បីឱ្យវាជូនដំណឹងឱ្យលោកដឹងជាមុន រាល់ពេលកិច្ចការងារនោះ ជិតដល់ពេលវេលាត្រូវធ្វើ ដែលគន្លឹះទាំងនេះ អាចជួយឱ្យលោករៀបចំការងារបានល្អ និងចំណាយពេលវេលាមានប្រសិទ្ធភាពខ្ពស់បំផុត។
គួរជម្រាបផងដែរថា ហាងពេជ្រ CID Diamond មានគ្រឿងអលង្ការផលិតស្រាប់ និងទទួលកម្មង់ផ្សេងៗផងដែរ ដែលមានទីតាំងនៅ No.225A, មហាវិថីផ្លូវ ម៉ៅសេទុង(245) ទល់មុខសាលាវ៉ាន់ដា រាជធានីភ្នំពេញ។ មួយវិញទៀត អតិថិជនក៏អាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈទូរស័ព្ទលេខ 017900067 ឬស្វែងយល់បន្ថែមនៅហ្វេសប៊ុកផេកផ្លូវការ CID Diamond បានផងដែរ។
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 096 351 7713


