១ឆ្នាំឈ្នះពានរង្វាន់៤! CEO​ CheckinMe ប្រាប់ពីមេរៀន៣ពីការប្រកួតប្រជែង និងគន្លឹះរកស៊ីរីកចម្រើនលឿនក្នុងទីផ្សារ
ឡុង វឌ្ឍនៈJANUARY 2 20231.3 K views

ការស្វែងរកគំនិតអាជីវកម្មមួយឱ្យល្អ អាចជួយដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់បានច្រើន អាចមានចំណុចទាក់ទាញធ្វើឱ្យទីផ្សារមានការទទួលស្គាល់ វាជារឿងដ៏សំខាន់បំផុតសម្រាប់អ្នករកស៊ីត្រូវគិតឱ្យបានខ្លាំងតាំងពីថ្ងៃចាប់ផ្ដើមដំបូងមកម៉្លេះ។ ទន្ទឹមនឹងនេះដែរ ការដែលអាចដឹកនាំអាជីវកម្មបង្កើតថ្មីមួយ ឱ្យមានចំណុចពិសេសរហូតគេកោតសរសើរ ឈានដល់ការឈ្នះពានរង្វាន់ពីស្ថាប័នជាតិ និងអន្តរជាតិទៀតនោះ គឺរឹតតែពិសេស។ ជាក់ស្ដែងសម្រាប់បទពិសោធន៍ក្រុមហ៊ុន CheckinMe ដែលត្រូវបានគេកំពុងទទួលស្គាល់ លើការផ្ដល់សេវាកម្មស្កេនវត្តមានបុគ្គលិកតាមរយៈប្រព័ន្ធបច្ចេកវិទ្យា QR Code គឺចាប់កំណើតឡើងត្រឹមតែជាង ១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែអាចឈ្នះពានរង្វាន់ធំៗចំនួន៤រួមមានដូចជា៖

១. ទទួលបានជ័យលាភីលេខ២ ក្នុងកម្មវិធី Alibaba Cloud Global Contest 2022 នៅប្រទេសចិន

២. ពានរង្វាន់ការចាប់ផ្តើមអាជីវកម្មឌីជីថលល្អបំផុតពី Cambodia Digital Awards 2022

៣. ទទួលបានចំណាត់ថ្នាក់ទី៣ពី KE SME Awards 2022

៤. ឈ្នះពានរង្វាន់សហគ្រិនឆ្នើមក្នុងកម្មវិធី Cambodian Young Entrepreneur Awards 2022

ក្នុងកិច្ចសម្ភាសន៍ជាមួយ លោក ឡី កំថូង ដែលជា CEO ក្រុមហ៊ុន CheckinMe បានចែករំលែកនូវបទពិសោធន៍ធំៗចំនួន ៣ ដែលលោករៀនបានពីការប្រកួតទាំងនៅក្នុងស្រុក និងក្រៅស្រុកទោះបីជាជាប់ឬធ្លាក់ក៏ដោយនោះគឺ៖

ទី១. បណ្ដាញទំនាក់ទំនងអាជីវកម្មកាន់តែធំទូលាយជាងមុន

ទី២. ឱកាសអាជីវកម្ម ក្នុងការទិញលក់ផលិតផល ឬសេវាកម្មអ្នក

ទី៣. អាចដឹងអំពីចំណុចពិសេស ចំណុចខ្លាំងនៃអាជីវកម្ម និងចំណុចខ្សោយដែលគួរពង្រឹងបន្ថែមឱ្យកាន់តែល្អប្រសើរជាងមុនមួយកម្រិតទៀត។

ក្រឡែកមកមើលអំពីភាពរីកមច្រើនលឿនរហ័សក្នុងទីផ្សារ ដែលចាប់កំណើតខ្ទង់ ១ឆ្នាំ តែអាចទាញអតិថិជនបានរាប់ពាន់ក្រុមហ៊ុន លោកបានណែនាំឱ្យបង្កើតផលិតផល ឬសេវាកម្ម ដែលពិតជាមានតម្រូវការក្នុងទីផ្សារ ហើយត្រូវតេស្តទីផ្សារឱ្យបានលឿនរហ័ស និងបញ្ចេញផលិតផលម្ដងមួយៗសិនក៏ជាការល្អ។

ជាក់ស្ដែងសម្រាប់ក្រុមហ៊ុន  CheckinMe របស់លោក គឺកើតឡើងពីការចេះសម្លឹងមើលពីបញ្ហាក្នុងទីផ្សារកំពុងជួបប្រទះ បន្ទាប់មកចូលទៅបំពេញចន្លោះប្រហោងក្នុងទីផ្សារ និងធ្វើវាឱ្យបានល្អបំផុត។ លោកបានលើកឡើងថា ពេលខ្លះយើងគួរតែខំធ្វើរឿងតូចមួយឱ្យបានល្អបំផុត ជាជាងខំធ្វើរឿងធំតែមិនបានល្អ។ មួយវិញទៀត CheckinMe បានផ្ដោតលើការបញ្ចេញផលិតផលខ្លួនតែមួយមុខគត់នៅដំណាក់កាលដំបូង តែចូលទៅវាយលុកទីផ្សារបានយ៉ាងលឿនរហ័សបំផុត ដែលជាហេតុធ្វើឱ្យអាជីវកម្មលោករីកចម្រើនលឿនត្រឹមរយៈពេលខ្លី។

ក្រុមហ៊ុនលោកមិនបានផ្ដោតលើការខំប្រឹងបង្កើតផលិតផល ឬសេវាកម្មច្រើនមុខតែម្ដង ទើបបញ្ចេញមកក្នុងទីផ្សារនោះទេ ព្រោះលោកយល់ថា ផលិតផល សេវាកម្មច្រើនមុខពេក គឺធ្វើឱ្យយើងពិបាកពន្យល់ ឬពិបាកក្នុងការបង្រៀនទីផ្សារឱ្យគេស្គាល់ ឬទទួលយកទៅវិញទេ។

ជារួមចំណុចពិសេសនៅដំណាក់កាលដំបូង ប្រសិនបើចង់រីកចម្រើនលឿនក្នុងទីផ្សារ គឺ ត្រូវប្រាកដថា អាជីវកម្មអ្នកពិតជាមានតម្រូវការក្នុងទីផ្សារ បន្ទាប់មកអ្នកត្រូវផ្ដោតលើការបង្កើតផលិតផល ឬសេវាកម្មតែមួយបានហើយ តែធ្វើវាឱ្យសាមញ្ញតែសាកល ងាយស្រួលប្រើ លឿន រហ័ស និងមានគុណភាព បន្ទាប់មកវាយលុកក្នុងទីផ្សារឱ្យបានលឿនបំផុត ដើម្បីក្ដោបទីផ្សារ៕ 

ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9   

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)

តេឡេក្រាម៖ 096 351 7713

Photo 2023 01 02 16.41.56Photo 2023 01 02 16.41.59Photo 2023 01 02 16.42.02Photo 2023 01 02 16.42.09Photo 2023 01 02 16.42.06

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia