កំពូលអ្នកផលិតវីដេអូ Mr Beast ធ្លាប់បាននិយាយថា ខ្ញុំចង់ផលិតវីដេអូដែលល្អបំផុតនៅលើផែនដី ដែលមានន័យថាលោកមិនបានផ្ដោតលើលុយជាអាទិភាពនោះទេ ពោលគឺលោកគ្រាន់តែចង់ផ្ដល់នូវអ្វីដែលល្អបំផុតឱ្យហ្វេនរបស់លោក។
ជាក់ស្ដែង លោកធ្លាប់ចំណាយប្រាក់រហូតដល់ទៅ ៤.៥លានដុល្លារសម្រាប់ផលិតវីដេអូមួយចំណងជើងថា $1 vs $500,000 Plane Ticket!។ ចុះចំណូលវិញ តើលោកអាចរកបានប៉ុន្មានត្រឡប់មកវិញ?
បើយោងតាម The Richest បានបង្ហាញថា លោកអាចរកប្រាក់ចំណូលប្រចាំខែ ជាមធ្យមគឺចន្លោះពី ៣ ទៅ៥លានដុល្លារ។ ដោយឡែកសម្រាប់កាលពីឆ្នាំ២០២១ ស្ថិតក្នុងវ័យ២៣ឆ្នាំ លោកអាចរកប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៥៤លានដុល្លារឯនោះ។
បើយើងក្រឡែកមកមើលពីមូលហេតុដែលជួយឱ្យលោកអាចរកចំណូលបានច្រើនបែបនេះ ព្រោះវីដេអូដែលលោកផលិតមានការគាំទ្រ រហូតទាក់ចិត្តអ្នកទស្សនារាប់លាននាក់ឱ្យទស្សនាវីដេអូរបស់លោកខ្ទង់ ១០ពាន់លានដងគិតមកទល់នឹងពេលនេះ។
ចំពោះស្នៀតនៃការវីដេអូរបស់ MrBeast ដែលធ្វើឱ្យអ្នកចូលចិត្តតាមដានទស្សនាគឺ ដោយសារតែគាត់រួមបញ្ចូលគ្នានូវធាតុផ្សំសំខាន់ៗចំនួន៣គឺ៖ «ភាពសប្បុរស និងភាពរំភើប ប្លែកពីគេបំផុត»។
វីដេអូរបស់លោកភាគច្រើន តែងតែបង្ហាញនូវភាពសប្បុរសដូចជា៖ ការចែករថយន្ត ការចែកផ្ទះ ការផ្ដល់កោះឯកជនឱ្យឥតគិតថ្លៃ ការបង់ថ្លៃសិក្សានៅមហាវិទ្យាល័យ ការបរិច្ចាគទឹកប្រាក់…ដែលវាសុទ្ធសឹងតែបង្ហាញនូវទឹកចិត្តសប្បុរសនេះ និងអារម្មណ៍រំភើប ហើយវាធ្វើឱ្យអ្នកទស្សនាចង់មើលវីដេអូរបស់គាត់បន្ថែមទៀត។
បន្ថែមពីនោះ វីដេអូរបស់លោកតែងតែផ្ដល់នូវចំណុចពិសេសជាច្រើនទៀតដល់អ្នកទស្សនាដូចជា៖ ការផ្ដល់នូវវីដេអូដែលមានគុណភាពខ្ពស់បំផុត ការដែលហ៊ានសាកល្បងធ្វើអ្វីដែលមនុស្សភាគច្រើនមិនហ៊ានធ្វើ ការធ្វើអ្វីដែលមនុស្សភាគច្រើនស្ទើរតែមិនជឿថាអាចទៅរួច ដែលជាហេតុធ្វើឱ្យវីដេអូលោកមានអ្នកទស្សនារាប់រយលានដង។ បើនិយាយអំពីវីដេអូ១ ដែលលោកថតយកគម្រូតាមរឿង squid game បានទាក់ចិត្តអ្នកទស្សនាជាង ៤៤៣លានដង និងអាចរកចំណូលរាប់សែនដុល្លារឯនោះ៕