ស្តេចយូធូប Mr Beast បានហោះនាំយកជើងសិប្បនិម្មិតពីអាមេរិក មកជួយសង្គ្រោះជនពិការកម្ពុជាប្រមាណជាង ២០០០នាក់ ឲ្យដើរឡើងវិញ ខណៈសកម្មភាពនេះបានចាក់បំពេញស្នាមញញឹមនិងក្តីសង្ឃឹមនៃជីវិតថ្មីលើផ្ទៃមុខស្រពាប់ស្រពោនពីអតីតកាល។
តាមរយៈវីឌីអូដែលមានបានបង្ហោះលើគណនីយូធូប Beast Philanthropy កាលពីម្សិលមិញ បានបង្ហាញរូបភាពដ៏សោកសៅនៃជនពិការក្នុងប្រទេសកម្ពុជាដែលមានជីវភាពទីទាល់ក្រខ្លាំង ប្រឈមមុខនឹងបញ្ហារស់នៅច្រើនអនេក រួមទាំងលទ្ធភាពទាបក្នុងការទទួលបានការអប់រំ និងការងារជាដើម។ ក្នុងនោះតារាយូធូបសញ្ជាតិអាមេរិក Mr Beast បានសហការជាមួយអង្គការ Exceed Worldwide ដើម្បីរៀបចំគម្រោងសប្បុរសធម៌ដ៏ធំជួយជនពិការដោយមិនគិតថ្លៃរយៈពេល៣០ឆ្នាំ។ លោកបានជួយផ្តល់មូលនិធិផ្នែកអវយវៈសិប្បនិមិត្តសម្រាប់ជនពិការចំនួន ២០០០គ្រឿង ក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងវីឌីអូខាងលើ Mr Beast បានលើកឡើងយ៉ាងដូច្នេះថា៖ «មូលហេតុដែលយើងមកទីនេះ ព្រោះប្រទេសកម្ពុជាមានគ្រាប់មីនរាប់ពាន់គ្រាប់ដែលត្រូវបានគេដាំនៅក្នុងរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៥-១៩៧៩។ គ្រាប់មីនភាគច្រើននៅតែបន្តកប់ខ្លួនលើទឹកដីមួយនេះរហូតមកដល់សព្វថ្ងៃ ហើយកុមារក្រីក្របានស្លាប់ ឬរងរបួស និងបាត់បង់ជើងដោយការដើរជាន់គ្រាប់មីន»។ បុរសវ័យ ២៥ឆ្នាំរូបនេះបានបន្តទៀតថា៖ «ការឃើញទឹកមុខសប្បាយចិត្ត និងស្នាមញញឹមដ៏កក់ក្តៅរបស់មនុស្សទាំងនោះ ធ្វើឲ្យជំនឿរបស់ខ្ញុំកើតមានឡើងវិញចំពោះក្តីស្រលាញ់ក្នុងនាមជាមនុស្សជាតិដូចគ្នា»។
យ៉ាងណាមិញ វីឌីអូដដែលក៏បានបង្ហាញពីការធ្វើដំណើររបស់ស្ត្រីពីរនាក់ដែលបានទទួលអវយវៈសិប្បនិម្មិត ហើយបានបង្ហាញពីក្តីសង្ឃឹមថាពួកគេនឹងអាចទទួលបានការអប់រំ និងការងារកាន់តែប្រសើរឡើងនាពេលក្រោយ។ លើសពីនេះប្រជាជនកម្ពុជាមួយចំនួនបានធ្វើការបញ្ចេញមតិទាំងអារម្មណ៍រំភើប ក្តុកក្តួល អួលដើមក កោតសរសើរចំពោះសកម្មភាព MrBeast យ៉ាងដូច្នេះថា៖ «អរគុណដែលបានមកប្រទេសខ្ញុំ! ទោះខ្ញុំមិនបានជួបអ្នកដោយផ្ទាល់ ប៉ុន្តែខ្ញុំមានមោទកភាពជាខ្លាំងចំពោះអ្វីដែលអ្នកបានធ្វើ»៕
ទស្សនាវីឌីអូ៖ I Helped 2000 Amputees Walk Again
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦