ស្តេចត្រាញ់ Youtuber លោក Mr Beast បានបង្ហោះវីឌីអូដំបូងរបស់ខ្លួននៅលើបណ្តាញសង្គម X ដើម្បីសាកល្បងរកប្រាក់ចំណូល ហើយជាលទ្ធផលត្រឹមរយៈពេលមួយសប្តាហ៍ លោកអាចរកលុយបានរហូតដល់ទៅ ២៦៣,៦៥៥ដុល្លារឯណោះ។ នេះបើយោងតាមទស្សនាវដ្តី Forbes ចុះនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
លោក Mr Beast ដែលមានឈ្មោះពិតថា James Stephen Donaldson បានធ្វើការបង្ហោះវីឌីអូចាស់មួយបង្ហាញពីរូបលោកនិងមិត្តភក្តិលេងឡានតម្លៃចាប់ពី ១ដុល្លារ ឡើងដល់ ១០០លានដុល្លារ នៅលើបណ្តាញសង្គម X ខណៈវីឌីអូនេះធ្លាប់បានបង្ហោះម្តងរួចមកហើយលើបណ្តាញសង្គម Youtube កាលពីបួនខែមុន។ រឿងដ៏គួរឲ្យភ្ញាក់ផ្អើល ត្រឹមរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ វីឌីអូដំបូងទទួលបានការចូលមើលច្រើនជាង ១៥០លានដងឯណោះ និងទាញចំណូលបានជាង ២៦ម៉ឺនដុល្លារ។
យ៉ាងណាមិញ ដើម្បីអាចរកលុយបាន ជាដំបូងអ្នកប្រើប្រាស់ត្រូវអនុវត្តតាមជំហានធំៗ៤ ខាងក្រោម៖
១/. ធ្វើការជាវ (subscribers) X Premium (អតីត Twitter Blue)
២/. បងថ្លៃសេវា X €៩.៦០ ឬស្មើនឹង១០.៤៧ដុល្លារ ក្នុងមួយខែ
៣/. ត្រូវមានអ្នកជាវ (subscribers) លើគណនីយ៉ាងតិចណាស់ ៥០០
៤/. មានចំនួនមើល ១៥លាន Views នៅលើ tweets ទាំងអស់ក្នុងរយៈពេលបីខែចុងក្រោយ។ ក្នុងនោះ ការមើលទាំងអស់ត្រូវតែមកពីគណនីដែលបានជាវ X Premium។
គួរជម្រាបផងដែរថា បណ្តាញសង្គម X (អតីត Twitter) របស់មហាសេដ្ឋីលេខមួយលើលោក Elon Musk បានប្រកាសកាលពីចុងឆ្នាំ២០២៣ថា ខ្លួននឹងត្រៀមកញ្ចប់ថវិកាចំនួន ២០លានដុល្លារ សម្រាប់អ្នកបង្កើតមាតិកានៅលើបណ្តាញសង្គមនេះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24