ក្រុមហ៊ុន ជីប ម៉ុង ចុះអនុស្សរណៈជាមួយសាលាអន្ដរជាតិគ្រីនហ្វៀល ដើម្បីផ្ដល់ឱកាសឲ្យបុគ្គលិកខ្លួនបញ្ជូនកូនចូលរៀនសាលាមានគុណភាព
Bunthoeun KoemJULY 7 2025

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែកក្កដា​ ឆ្នាំ២០២៥ ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងសាលាអន្ដរជាតិគ្រីនហ្វៀល បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផ្តល់ការបណ្តុះបណ្តាលដ៏មានគុណភាពដល់កូនៗនៃបុគ្គលិករបស់ខ្លួន។ ខណៈកម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល, លោក តែ សុភារៈ ប្រធានក្រុមប្រឹក្សាភិបាលសាលាគ្រីនហ្វៀល, លោក លី ចាន់ណារិទ្ធ ប្រធាននាយកប្រតិបត្ដិសាលាគ្រីនហ្វៀល ព្រមទាំងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។

Photo 2025 07 07 09 18 59

ក្នុងឱកាសនោះលោកជំទាវ តែ សុវណ្ណី បានលើកឡើងថា ក្រុម ហ៊ុន ជីបម៉ុង ជាក្រុមហ៊ុនខ្មែរ ដែលមានកេរ្តិ៍ឈ្មោះ និងគ្រឹះដ៏រឹងមាំជាង ៤០ឆ្នាំ។ យើងមានក្រុមហ៊ុនបុត្រសម្ព័ន្ធ ១៤ ក្រុមហ៊ុន ដែលបានបង្កើតការងារដល់ប្រជាជនខ្មែរសរុបជាង ១ម៉ឺននាក់។ កន្លងមកក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមយ៉ាងសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រឡប់ទៅសង្គមវិញលើវិស័យជាច្រើនរួមមាន វិស័យសុខាភិបាល អប់រំ, បរិស្ថាន, ទេសចរណ៍ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកិច្ចការសង្គម។ វិស័យចម្បងមួយដែល ជីប​ ម៉ុង ផ្តោតសំខាន់ គឺវិស័យអប់រំ។ ព្រោះសាលារៀនជាថ្នាលបណ្តុះគ្រាប់ពូជ ជាកន្លែងបណ្តុះបណ្តាលចំណេះដឹងជំនាញ ចំណែក ឯក្រុមហ៊ុន ជីបម៉ុង ប្រៀបបីដូចជាសាលាដ៏ធំមួយផងដែរ ដែលយើងជាកន្លែងអនុវត្តផ្ទាល់។

Photo 2025 07 07 09 17 16

លោកជំទាវអគ្គនាយិកាបានបញ្ជាក់ថា ចំពោះមូលហេតុដែលក្រុមហ៊ុន ជីប ម៉ុង ចាប់ដៃគូសហការជាមួយសាលាអន្តរជាតិគ្រីនហ្វៀល ដោយសាសាលាមួយនេះមានស្ថាបនិកជាកូនខ្មែរ ដែលគាត់ដឹងច្បាស់ពីតម្រូវការ ក្នុងការរៀបចំកម្មវិធីសិក្សាដែលឆ្លើយតបនឹងតម្រូវការរបស់កូនខ្មែរ ដើម្បីត្រៀមខ្លួនបន្តការសិក្សានៅមហាវិទ្យាល័យ។ ទោះបីសាលាអន្តរជាតិគ្រីនហ្វៀលទើបតែបង្កើតថ្មីក៏ពិតមែន ប៉ុន្តែគាត់មានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ថែមទាំងមានលក្ខណៈស្តង់ដារអន្តរជាតិតាមរយៈការទទួលស្គាល់ពីស្ថាប័ន Cambridge International Education នៃសាកលវិទ្យាល័យ Cambridge នៅចក្រភពអង់គ្លេសផងដែរ។

ត្រង់ចំណុចនេះដែរ ដើម្បីទទួលស្គាល់ស្តង់ជាពីសាលា Cambridge នៃចក្រភពអង់គ្លេស លុះត្រាតែសាលានោះ គោរពតាមលក្ខខណ្ឌជាច្រើនរបស់ សាលា Cambridge ដូចជា កម្មវិធីសិក្សា (Curriculum) ទំនើបដែលស្របតាមកម្មវិធីសិក្សារបស់ Cambridge ដែលផ្តោតលើការបណ្តុះបណ្តាលបុគ្គលិកលក្ខណៈឲ្យកុមារមានសមត្ថភាពខ្ពស់ក្នុងការរិះគិត ភាពច្នៃប្រឌិត ការរស់នៅក្នុងសង្គម និងការអប់រំផ្លូវចិត្ត។ ហើយសាលាអន្តរជាតិគ្រីនហ្វៀល មានគ្រឿងបរិក្ខាសិក្សាសម្បូរបែប ដែលផ្តល់នូវបរិយាកាសសិក្សាប្រកបដោយការគាំទ្រ និងលើកទឹកចិត្តដល់កុមារឲ្យស្វែងយល់ពីសក្តានុពលអភិវឌ្ឍទេពកោសល្យ និងក្លាយជាពលរដ្ឋសកលដែលមានទំនួលខុសត្រូវ។ ដូច្នេះយើងខ្ញុំជឿជាក់ថា សាលាអន្តរជាតិគ្រីនហ្វៀលនឹងផ្តល់ការបណ្តុះបណ្តាល ពេញលេញដល់កូនៗរបស់បុគ្គលិកយើងឲ្យក្លាយជាទំពាំងដែលរីកលូតលាស់ល្អ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើន។

Photo 2025 07 07 09 17 30

លោកជំទាវ តែ សុវណ្ណីបានបន្ថែមថា តាមរយៈអនុស្សរណៈយោគយល់គ្នានេះ យើងមានបំណងសម្រេចបានូវគោលបំណងដូច ខាងក្រោម៖

ទី១៖ ការផ្តល់ជូនពិសេសសម្រាប់បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ជាមួយការបញ្ចុះតម្លៃលើថ្លៃសិក្សាររហូតដល់ ៣០% រយៈពេល ១២ឆ្នាំ ពេញ សម្រាប់កូនៗទាំងអស់របស់ពួកគេ។ អ្វីដែលកាន់តែពិសេសនោះ សម្រាប់ការចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៨ ខែកក្កដា នឹងទទួលបានការបញ្ចុះតម្លៃបន្ថែម ៥% ពីលើនេះការបញ្ចុះតម្លៃដែលបានផ្តល់ជូន។ កម្មវិធីនេះ នឹងជួយសម្រួលបន្ទុកហិរញ្ញវត្ថុដល់បុគ្គលិកដែលមានកូនតូច តាមរយៈការបញ្ជូន បុត្រធីតាចូលរៀនក្នុងសាលាអន្តរជាតិដែលមានគុណភាព ដែលនេះជាការយកចិត្តទុកដាក់ ចំពោះសុខមាលភាពគ្រួសាររបស់បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង។

ទី២៖ កម្មវិធីនេះ បានគិតគូពីទុក្ខលំបាករបស់ឪពុកម្តាយដែលមានកូនតូច ហើយត្រូវបំពេញការងារពេញម៉ោង ដោយយើងដឹងថា បុគ្គលិកភាគច្រើន គាត់ចូលធ្វើការម៉ោង៨ ចេញម៉ោង៦ ប៉ុន្តែសាលាកូនៗពួកគេចេញពីរៀនម៉ោង ៣ ឬសាលាខ្លះចេញម៉ោង៤ ដែលជាការពិបាកក្នុងការចេញមុនម៉ោងដើម្បីទៅទទួលកូនចេញពីរៀន។ ក្នុងនាមខ្ញុំជាម្តាយមួយរូប ដែលធ្លាប់ឆ្លងកាត់រួចហើយ យើងបានសហការជាមួយសាលាអន្តរជាតិគ្រីនហ្វៀល ដែលខាងសាលានឹងជួយមើលថែកូនៗរបស់បុគ្គលិក រហូតដល់ម៉ោងពួកគេចេញពីធ្វើការដោយសាលាទទួលមើលដល់ម៉ោង៦កន្លះ។ ដូច្នេះបុគ្គលិកអាចផ្តោតអារម្មណ៍លើការបំពេញការងារដោយដឹងថាកូនៗរបស់ពួកគេកំពុងទទួលបានមើលថែ និងការអប់រំដ៏ល្អបំផុត។ ហើយបន្ថែមពីនេះវាមានភាពងាយស្រួយដោយបច្ចុប្បន្នសាលាមាន ៣ សាខា៖

  • សាខាទី១ នៅឫស្សីកែវ ស្ថិតនៅក្បែរស្ថានីយ៍ទស្សន៍ថោន
  • សាខាទី២ សាខាមានជ័យ
  • និងសាខាទី៣ នៅបុរី ជីប ម៉ុង លេនម៉ាក់ ២៧១ មានចម្ងាយ ១៥០០ម៉ែត្រ ពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល តាមបណ្តោយផ្លូវ ២៧១ ដែលនឹងបើកសម្ពោធឆាប់នេះ។ លោក លោកស្រី អាចបញ្ជូនកូនៗចូលរៀននៅសាខាណាមួយក៏បាន ដែលនៅក្បែរលោកអ្នក។

និងទី៣៖ ការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាព តាមរយៈការផ្តល់ឱកាសឲ្យកូនៗបុគ្គលិកទទួលបានការអប់រំតាមបែបអន្តរជាតិ ដែលនឹងនាំមកនូវចេះដឹង និងវប្ប ធម៌ធំទូលាយ៕

Photo 2025 07 07 09 18 49

Photo 2025 07 07 09 18 12

Photo 2025 07 07 09 18 03

Photo 2025 07 07 09 17 08

Photo 2025 07 07 09 18 33

Photo 2025 07 07 09 16 59

Photo 2025 07 07 09 16 51

Photo 2025 07 07 09 16 31

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia