រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន Chip Mong Retail ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនខ្មែរ Chip Mong បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន AIAI Group Corporation ដើម្បីនាំយក AIAI Nursery ដែលជាមជ្ឈមណ្ឌលអប់រំ និងថែទាំកុមារលំដាប់ខ្ពស់របស់ជប៉ុនមកបើកដំណើរការផ្លូវការនៅក្នុងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាខាងលើនេះ បានប្រព្រឹត្ដិទៅក្រោមអធិបតីភាពលោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន Chip Mong Retail និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Chip Mong រួមជាមួយនឹងលោកជំទាវ គឹម ចាន់ណា អគ្គនាយិការងជាន់ខ្ពស់ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Chip Mong។ ក្នុងនោះក៏មានការចូលរួមពីលោក Jo Sadamatsu នាយកប្រតិបត្តិនៃក្រុមហ៊ុន AIAI Group Corporation ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកនៃក្រុមហ៊ុនទាំងពីរយ៉ាងច្រើនកុះករផងដែរ។

ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនោះ លោកជំទាវ លី សុខឆេង បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយលោកជំទាវបានលើកឡើងថា៖ «ការនាំយក AIAI Nursery មកកាន់អគារ Chip Mong Tower គឺជាការសម្រេចនូវចក្ខុវិស័យរបស់ក្រុមហ៊ុន Chip Mong ក្នុងការចូលរួមចំណែកកសាង និងបណ្តុះបណ្តាលធនធានមនុស្សតាំងពីវ័យកុមារឱ្យកាន់តែមានសក្តានុពល។ យើងមានមោទនភាពដែល AIAI Nursery បានជឿជាក់ និងជ្រើសរើសយក Chip Mong Tower ជាទីតាំងយុទ្ធសាស្ត្រសម្រាប់សាខាដំបូងបង្អស់របស់ខ្លួននៅកម្ពុជា»។
លោកជំទាវអគ្គនាយិកាបានបន្ថែមទៀតថា វត្តមានរបស់ AIAI Nursery នៅក្នុង Chip Mong Tower នឹងក្លាយជាចំណែកមួយយ៉ាងសំខាន់នៃមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប ដែលឆ្លុះបញ្ចាំងពីគុណតម្លៃរួមរបស់យើងគឺ៖ សុវត្ថិភាព គុណភាព សហគមន៍ និងការរីកចម្រើនរយៈពេលវែង។

ជាមួយគ្នានេះដែរ លោកជំទាវក៏បានរំលេចពីសក្តានុពលរបស់កម្ពុជាថា ជាប្រទេសដែលមានសុខសន្តិភាព សុវត្ថិភាពពេញលេញ និងមានបរិយាកាសវិនិយោគដ៏ល្អប្រសើរ ដែលផ្តល់ឱកាសយ៉ាងទូលំទូលាយសម្រាប់ដៃគូធុរកិច្ចទាំងក្នុង និងក្រៅស្រុក។ ក្រុមហ៊ុន Chip Mong នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយដៃគូអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា AIAI Nursery គឺជាយីហោសាលាមត្តេយ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងការផ្តល់ការអប់រំកុមារតូចៗតាមស្តង់ដារជប៉ុន ដោយផ្តោតលើសុវត្ថិភាព ការអភិវឌ្ឍអារម្មណ៍ ភាពច្នៃប្រឌិត និងបរិយាកាសថែទាំយ៉ាងកក់ក្តៅ។ កម្មវិធីសិក្សារបស់ AIAI Nursery ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្នុងការរួមបញ្ចូលមូលដ្ឋានវិជ្ជាសិក្សាជាមួយការអភិវឌ្ឍបុគ្គលិកលក្ខណៈទាំងមូល ដើម្បីធានាថាកុមារទទួលបានទាំងការថែទាំ និងការអប់រំដំបូងដែលមានគុណភាពខ្ពស់បំផុត៕








