ដើមទុនគឺជាចំណុចសំខាន់បំផុតមួយសម្រាប់អ្នកដែលចង់ចេញរកស៊ីត្រូវគិតឱ្យបានហ្មត់ចត់មុននឹងចាប់ផ្តើមព្រោះបើយើងគ្មានលុយធ្វើទេ អាជីវកម្មរបស់អ្នក មិនអាចលេចចេញជារូបរាងបានទេ ពោលគឺបានត្រឹមតែស្រមៃ។ តែយ៉ាងណាមិញ បើក្រឡេកមកមើលបុរសរូបនេះវិញចាប់ផ្តើមរកស៊ីតាមក្តីស្រមៃពីដើមទុនតិចតួចខ្លាំងមែនទែន ដោយលោកបានច្នៃម៉ូតូលក់កាហ្វេរហូតអាចទាញចំណូល៩០០$ក្នុងមួយខែ។
ថ្លែងប្រាប់ Bangkok Foodie លោក Ratchapruek ជាអ្នកលក់កាហ្វេដឹកម៉ូតូ Coffee Cub បានឱ្យដឹងថា មូលហេតុដែលលោកចាប់ផ្តើមធ្វើអាជីវកម្មនេះឡើងព្រោះ លោកជាមនុស្សម្នាក់ដែលស្រលាញ់ និងចូលចិត្តវិស័យកាហ្វេ ប៉ុន្តែដោយសារតែពំុសូវមានថវិការ លោកមិនអាចបើកហាងបានធំដូចគេនោះទេ ដូច្នេះហើយទើបលោកសម្រេចចិត្តធ្វើពីតូចទៅធំដោយច្នៃម៉ូតូធ្វើហាងកាហ្វេនេះឡើង។ លោកបានបន្ថែមថា ការខ្វះលុយមិនមែនជាឧបសគ្គចម្បងរបស់លោក ហើយក៏មិនអាចបញ្ឈប់ក្តីសុបិនចង់បើកហាងកាហ្វេផ្ទាល់ខ្លួនរបស់លោកបានទេ ដោយទុនដំបូងរបស់លោកគឺចាប់ផ្តើមពីម៉ូតូចាស់នេះឯង រហូតអាចឆ្ពោះទៅរកគោលដៅធំ។
ជាមួយគ្នានេះដែរលោកអាចលក់ដាច់ពីចន្លោះពី៣០កែវឡើងទៅ ដោយក្នុងមួយកែវមានតម្លៃ១ដុល្លារ ពោលគឺលោកអាចរកបានចំណូលជាង៩០០ដុល្លារទៅក្នុងមួយខែ។ តើមូលហេតុអ្វីខ្លះទើបធ្វើឱ្យយីហោរបស់លោកអាចរកចំណូលក្បែរពាន់ដុល្លារបែបនេះ?
១. មានការច្នៃប្រឌិត៖ ដោយសាតែនៅក្នុងប្រទេសថៃ មានតែលោកដំបូងគេដែលបានធ្វើវា ដូច្នេះហើយលោកបានទាញចំណាប់អារម្មណ៍ច្រើនពីសំណាក់អតិថិជន ដែលជាហេតុធ្វើប្រេនរបស់លោកឆាប់មានអ្នកស្គាល់ច្រើន។
២. តម្លៃ៖ បើនិយាយអំពីតម្លៃវិញ គឺលោកលក់ធូរមែនទែន ហើយរសជាតិក៏មិនចាញ់ហាងប្រេនធំថែមទៀត ដូច្នេះហើយមនុស្សមិនខ្លាចក្នុងការចំណាយលុយទិញឡើយ។ ហើយមូលហេតុដែលលោកអាចលក់ធូរហើយនៅតែចំណេញព្រោះលោក មិនត្រូវបានផាត់ថ្លៃជួលហាង ទឹកភ្លើង និងបុគ្គលិកដូចហាងធំៗឡើយ ដូច្នេះហើយទោះលក់តម្លៃថោក ក៏នៅតែចំណេញ។
៣. ស្តង់ដា៖ បើទោះបីជាលក់លើម៉ូតូពិតមែន ប៉ុន្តែកាហ្វេរបស់លោក មានដាក់ឈ្មោះត្រឹមត្រូវ មិនចាញ់ការហ្វេប្រេនធំៗឡើយ។
៤. ប្លែក៖ ត្រង់ចំណុចនេះ លោកបានលើកឡើងថា មិត្តស្រីរបស់លោកចូលចិត្តគូររូប ដូច្នេះហើយនាងបានគូររូបតុកាតាខ្យូតៗជាច្រើននៅលើកែវ ដែលធ្វើឱ្យភ្ញៀវចាំអ៊ុតកែវរបស់ពួកគេ ជាមួយនឹងទឹកមុខរំភើបថែមទៀត។ ចំណុចតូចទាំងនេះហើយ ដែលធ្វើឱ្យយីហោរបស់លោកកាន់់តែទាក់ទាញ និងមានប្រជាប្រិយភាពខ្លាំងដល់សព្វថ្ងៃ៕


