សុខមាលភាពផ្លូវចិត្តនៅកន្លែងធ្វើការ បានដើរតួនាទីយ៉ាងសំខាន់ជាមួយនឹងសុខភាពផ្លូវកាយ ព្រមទាំងផលិតភាពការងារ ប្រសិនបើមនុស្សស្រ្តេសខ្លាំង ផ្លូវចិត្តចុះខ្សោយរាងកាយក៏ទ្រុឌទ្រោម ឯការងារក៏អន់ថយ។
យ៉ាងណាមិញបើយោងតាមប្រភពពី Seasia Stats បានឱ្យដឹងថាប្រទេស៥នេះនៅតំបន់អាស៊ាន មានបុគ្គលិកជួបបញ្ហាស្រ្តេសច្រើនជាងគេ ក្នុងការងារប្រចាំថ្ងៃ សម្រាប់ឆ្នាំ២០២៤។
ផ្អែកតាមការស្ទង់មតិពីរបាយការណ៍ឆ្នាំ២០២៤ របស់ State of the Global Workplace គឺមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់កំពូលនៅអាស៊ីអាគ្នេយ៍ដែលមានកម្រិតស្ត្រេសបុគ្គលិកប្រចាំថ្ងៃខ្ពស់បំផុតគឺ ៤៨% , ហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ២ មានកម្រិតស្ត្រេសបុគ្គលិកប្រចាំថ្ងៃខ្ពស់បំផុត ៤៦%,។
ចំណែកសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៣ មានកម្រិតស្ត្រេសបុគ្គលិកប្រចាំថ្ងៃខ្ពស់បំផុត៣៨%,ខណៈប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤ មានកម្រិតស្ត្រេសបុគ្គលិកប្រចាំថ្ងៃខ្ពស់បំផុតក៏ ៣៨%ដែរ។ ក្នុងនោះប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ៥ មានកម្រិតស្ត្រេសបុគ្គលិកប្រចាំថ្ងៃខ្ពស់បំផុត ៣១%។
ចំពោះទិន្នន័យនៅក្នុងរបាយការណ៍នេះដែរបានវាយតម្លៃដោយ គ្របដណ្តប់លើទិដ្ឋភាពផ្សេងៗដូចជាការពេញចិត្តការងារ ការចូលរួមរបស់បុគ្គលិក ផលិតភាព និងបញ្ហាប្រឈមនានាក្នុងស្ថាប័ន-ក្រុមហ៊ុន ពីប្រទេសផ្សេងៗគ្នា ដែលស្រង់មតិដោយ Gallup៕
អត្ថបទដោយ៖ ពីង ជូអេង