ប្តីប្រពន្ធទើបចូលរោងការថ្មីថ្មោង សរុបចំណូលបូកចូលគ្នាបានប្រហែលខ្ទង់១ពាន់ដុល្លារក្នុងមួយខែ តើគួរបង់រំលស់ផ្ទះតម្លៃប៉ុន្មាន ឬនៅផ្ទះជួលសិន? គឺជាចំណោទបញ្ហាដ៏រសើបមួយនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន។
ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ នៅក្នុងបទសម្ភាសន៍ជាមួយនឹង Business Cambodia នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ ស៊ីអាយអិមប៊ី អ្នកស្រី ប៉ិច សុម៉ាលី បានលើកឡើងថា៖ «មិនថាមានចំណូលតិចឬច្រើន មនុស្សគ្រប់គ្នាសុទ្ធតែអាចបង់រំលស់ផ្ទះតម្លៃប៉ុន្មានក៏បាន ទៅតាមម៉ូដនិងទីតាំងផ្ទះដែលគេត្រូវការ ប៉ុន្តែត្រូវលៃយ៉ាងណាឱ្យការបង់ប្រចាំខែមានចំនួនមិនលើសពី ៥០%នៃចំណូលសរុបដែលគេរកបានឡើយ»។
ការលើកឡើងរបស់អ្នកស្រី សុម៉ាលី គឺចង់មានន័យថា ប្រសិនបើប្ដីប្រពន្ធមួយគូមានចំណូល ១ពាន់ដុល្លារ ពួកគាត់អាចចំណាយលើការបង់រំលស់ផ្ទះប្រចាំខែ ត្រឹមតែ ៥០០ដុល្លារចុះក្រោមប៉ុណ្ណោះ មិនអាចចំណាយឱ្យលើសនេះឡើយ។
អ្នកជំនាញរូបនេះ បានបន្ថែមទៀតថា ចំណូលដែលរាប់បញ្ចូលបានគឺត្រូវតែជាចំណូលជាក់លាក់ ដែលអ្នកប្រាកដថាអាចរកបានទៀងទាត់រៀងរាល់ខែ និងមាននិរន្តរភាពយូរអង្វែង ដើម្បីធានាដល់ការបង់រំលស់ផ្ទះមួយខ្នងនោះ។ ប្រាក់បន្ថែមមួយចំនួនផ្សេងទៀតដូចជា ប្រាក់លើកទឹកចិត្ត, ប្រាក់បន្ថែមរាយរងក្រៅពីប្រាក់ខែគោល អ្នកស្រីមិនលើកទឹកចិត្តឱ្យរាប់បញ្ចូលឡើយ ព្រោះថាវាជាចំណូលដែលមិនទៀងទាត់ ឡើងចុះស្មានមិនត្រូវ។
នាយកសេវាកម្មហិរញ្ញវត្ថុផ្ទាល់ខ្លួន របស់ធនាគារ ស៊ីអាយអិមប៊ីរូបនេះ បានគូសបញ្ជាក់ផងដែរថា មនុស្សយើងមិនគួរបង់រំលស់របស់ផ្ដេសផ្ដាសឡើយ។ បើអ្នកចង់បង់រំលស់ អ្នកស្រីលើកទឹកចិត្តឱ្យ ស្នើកម្ចីទិញផ្ទះដំបូងគេបង្អស់ បន្ទាប់មកមធ្យោបាយធ្វើដំណើរ ហើយមិនគួរស្នើសុំកម្ចីណាដែលមិនចាំបាច់នោះឡើយ៕
អត្ថបទដោយ៖ សូ សុខលី (កូនស្មេរចល័តចរ)
លោកអ្នកអាចទំនាក់ទំនងផ្សព្វផ្សាយអាជីវកម្មរបស់អ្នកតាមរយៈទូរស័ព្ទលេខ៖ ០១៥២០២៥៤២
សម្រាប់លោកអ្នកដែលចង់សន្សំលុយ តែមិនចង់ដាក់លុយក្នុងគណនីសន្សំមានកាលកំណត់ ព្រោះខ្លាចត្រូវការលុយបន្ទាន់ពិបាកដកមកប្រើ Business Cambodia សូមណែនាំឱ្យស្គាល់សេវាកម្មមួយរបស់ធនាគារ CIMB គឺ គណនីសន្សំវៃឆ្លាត។ ជាមួយគណនីសន្សំប្រភេទនេះ លោកអ្នកអាច សន្សំ និងធ្វើប្រតិបត្តិការ ក្នុងគណនីតែមួយ ព្រមទាំងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៣.២៥%ក្នុងមួយឆ្នាំ។ ព័ត៌មានលម្អិត៖ ០២៣ ៩៨៨ ៣៨៨


