ស្ពានអាកាស «មរតកតេជោ» ដែលមានកម្ពស់ ២ ជាន់ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)នឹងបញ្ចប់មុនផែនការរយៈពេល៤ខែ។
បើតាមការបញ្ជាក់ពីឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជំហានទី២ នេះកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺ ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។
គួរបញ្ជាក់ថាកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចដ៏ខ្ពង់ខ្ពស់បំផុតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយការកកស្ទះចរាចរបានមួយកម្រិត។
សូមរំលឹកផងដែរថា ស្ពានកាសមរតកតេជោ នេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២។ ការសាងសង់ស្ពានអាកាសថ្មីនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលចំណេញថវិកាប្រមាណ ៣៦ លានដុល្លារ។
ស្ពានអាកាសថ្មីនេះត្រូវបានសាងសង់ជា ២ ជាន់ ដោយជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពល ខេមរភូមិន្ទ។ ខណៈជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហា វិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន៕