ភ្នំពេញៈ កាលពីថ្ងៃទី04 មិថុនា កន្លងទៅការប្រកួតវិញ្ញាសា កីឡាអេឡិចត្រូនិក (Esports) ក្នុងព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម បានធ្វើឡើងដំបូងបំផុតនៅសាលមហោស្រព ណាបា ក្នុងសណ្ធាគារ ណាហ្គាវើល2 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នេះគឺជាការប្រកួត Esports ដំបូងបំផុត គឺលើវិញ្ញាសា Mobile Legends: Bang Bang មាន4ប្រទេសចូលរួម ដូចជា កម្ពុជា , ម៉ាឡេស៊ី , ហ្វីលីពិន និង ថៃ។
ការប្រកួតថ្ងៃដំបូងដែលជាការប្រកួត Group Stage មានការចូលរួមទស្សនាគាំទ្រយ៉ាងច្រើន កុះករពីទស្សនិកជន ជាពិសេសគឺមានសិស្សនិស្សិតជាង100នាក់ ដែលត្រូវបានអញ្ជើញដោយក្រុមហ៊ុនផលិតហ្គេមដ៏ល្បី និងជាក្រុមហ៊ុនផលិតហ្គេម Mobile Legends: Bang Bang នោះគឺក្រុមហ៊ុន Moonton ដែលពួកគាត់ទទួលបានការអញ្ជើញនេះ បន្ទាប់ពីបានចូលរួម សិក្ខាសាលា “អាជីពក្នុងកីឡាអេឡិចត្រូនិចសម្រាប់គ្រប់គ្នា” (Esports As A Career For All) បានធ្វើឡើងកាលពីថ្ងៃទី27 ឧសភាកន្លងទៅ ក្រោមការរៀបចំដោយ Moonton Cares និង ក្រុមហ៊ុន ធីមធូ (TEAM TWO)។
ក្រៅពីការចូលរួមទស្សនានិងគាំទ្រដល់ក្រុមជម្រើសជាតិកម្អុជា សិស្សនិស្សិតទាំងអ់ស ក៏បានចូលរួមសំណេះសំណាល និងថតរូបអនុស្សាវរីយជាមួយក្រុមជម្រើសជាតិកម្ពុជា រួមជាមួយការដើរទស្សនកិច្ចពីការរៀបចំការប្រកួតនេះថែមទៀតផង។
បន្ថែមពីការទស្សនាការប្រកួតក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម ក្រុមហ៊ុន Moonton ក៏បានអញ្ជើញ ក្រុមជម្រើសជាតិកម្ពុជា និង សិស្សនិស្សិតដដែល ចូលរួមទស្សនា និងទស្សនកិច្ចពីការរៀបចំកម្មវិធី ប្រកួត Mobile Legends: Bang Bang Southeast Asian Cup ហៅកាត់ថា MSC ក្នុងឆ្នាំ 2023 ដែលនេះជាការប្រកួត Esport ធំបំផុតមិនធ្លាប់មាននៅកម្ពុជា។
សកម្មភាពទាំងអស់នេះ បានបង្ហាញឱ្យឃើញពីការវិវត្តន៍វិស័យ កីឡាអេឡិចត្រូនិក ក្នុងប្រទេសកម្ពុជា គឹមានការរីកចម្រើនជឿនលឿនខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អំពី MOONTON GAMES
បង្កើតឡើងក្នុងឆ្នាំ2014 MOONTON គឺជាក្រុមហ៊ុនផលិតហ្គេម អន្តរជាតិធំមួយ ជាមួយនឹងបុគ្គលិកជាង 1500 នាក់នៅទូទាំងពិភពលោក ក្រុមហ៊ុននេះដំណើរការការិយាល័យនៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន អាមេរិកឡាទីន ហុងកុង និងចិនដីគោក។ MOONTON បានដំណើរការដោយជោគជ័យនូវហ្គេមទូរស័ព្ទល្បីៗជាច្រើននៅទូទាំងពិភពលោក និងបានកសាងទំនាក់ទំនងរយៈពេលវែងជាមួយរដ្ឋាភិបាល និងស្ថាប័នកីឡាអេឡិចត្រូនិកនៅក្នុងប្រទេសជាង 30 ជុំវិញពិភពលោក។ Mobile Legends: Bang Bang គឺជាហ្គេមដែលល្បីបំផុតមួយរបស់ MOONTON នឹងជាហ្គេមបែប MOBA នាំមុខមួយក្នុងពិភពលោក។
អំពី Mobile Legends: Bang Bang
Mobile Legends: Bang Bang គឺជាហ្គេមទូរស័ព្ទអនឡាញមួយដ៏ល្បីទូទាំងពីភពលោក ដែលធ្វើឱ្យអ្នកលេងកាន់តែជិតស្និតគ្នា តាមរយៈការលេងជាក្រុម និងការរៀបយុទ្ធសាស្រ្ត។ ហ្គេមនេះត្រូវបានគេ Download លើសពី1ពាន់លានដង និងមានអ្នកលេងរហូតដល់105លាននាក់ ជារៀងរាល់ខែ។ Mobile Legends: Bang Bang ជាប់ក្នុងតារាងកំពូលហ្គេមទាំង10 ដែលមានគេលេងច្រើនបំផុត ក្នុងចំណោម80ប្រទេសទូទាំងពិភពលោក។


