ប្រាក់ខែខ្ទង់៣០០$ចាយមិនគ្រប់? ប្រញាប់ប្រើក្បួន១នេះភ្លាម ឈប់ខ្ចីលុយគេចុងខែ ហើយសល់ទ្រព្យទៀត
Kan DaraSEPTEMBER 28 20231.9 K views

ធ្លាប់ឆ្ងល់ទេ អ្នកខ្លះប្រាក់ខែ៣០០ដុល្លារ តែអាចចិញ្ចឹមខ្លួនរស់ស្រួល ចួនថ្ងៃខ្លះផ្តាច់ពីមាត់ពីកផ្ញើទៅគ្រួសារនៅឯស្រុកទៀតក៏មាន មិនភ័យរឿងខ្មោចលងចុងខែ រស់ធូរចិត្តមិនតឹងទ្រូង ហើយពេលមកធ្វើការម្តងៗ ទីនុយសមសួន ញញឹមពព្រាយរាយមន្តស្នេហ៍ ហាក់ពុំមានទុក្ខកង្វល់អ្វីឡើយ។ រីឯអ្នកខ្លះរកបាន ៣០០ដុល្លារ/១ខែ ក៏ចាយមិនគ្រប់ ឥឡូវរកបាន ៥០០ដុល្លារ/១ខែក៏ចាយមិនគ្រាន់ ដល់ថ្នាក់ពេលខ្លះឆក់កន្តៀតខ្ចីបុលគេដោះកូយចុងខែទៀតក៏មាន។

Borrow Money

តោះ! មកស្គាល់ពីរបៀបគ្រប់គ្រងការចំណាយងាយៗតាមក្បួន ៥០/៣០/២០។ ជាដំបូងត្រូវគិតបែងចែកលុយ១០០% ជាបីចំណែកសិនគឺ ៥០% ៣០% និង២០%នៃចំនួនលុយសរុបរបស់អ្នក។ ឧទាហរណ៍៖ បើអ្នកមានប្រាក់ ៣០០ដុល្លារក្នុងមួយខែ នោះអ្នកត្រូវចែកជាបីចំណែកគឺ ៥០%=១៥០ដុល្លារ, ៣០%=៩០ដុល្លារ និង ២០%=៦០ដុល្លារ។ ៥០%លើតម្រូវការចាំបាច់ ៣០%លើការចំណាយផ្សេងៗ និងទុក ២០%សម្រាប់ការសន្សំ។

  • ៥០% សម្រាប់ចំណាយលើតម្រូវការចាំបាច់៖ គឺជាការចំណាយដែលអ្នកមិនអាចខ្វះបានសម្រាប់ការរស់នៅមានដូចជា ការចំណាយលើវិក្កយបត្របង់ផ្ទះ ថ្លៃទឹកភ្លើង ម្ហូបអាហារ គ្រឿងទេស និងសេវាថែទាំសុខភាពជាដើម។ ប្រសិនបើចំណាយលើសពី ៥០% លើតម្រូវការចាំបាច់ នោះអ្នកត្រូវតែកាត់បន្ថយលើការចំណាយក្នុងផ្នែក៣០% បើមិនដូច្នោះទេវានឹងប៉ះពាល់ដល់លុយសន្សំ។
  •  

    • ៣០% ចំណាយមិនចាំបាច់៖ គឺជាអ្វីដែលអ្នកបានចំណាយលើរបស់មិនសំខាន់ខ្លាំងដែលមានន័យថា ទោះអ្នកមិនចំណាយក៏អាចរស់រានបានដែរ។ ការចំណាយមិនចាំបាច់នេះរួមបញ្ចូល៖ ភាពយន្ត, អាហារពេលល្ងាចនៅខាងក្រៅ, កាបូបថ្មី, សំបុត្រទៅព្រឹត្តិការណ៍កីឡា, វិស្សមកាល, ទៅហាងកាហ្វេប្រេនៗ។ល។ អ្វីក៏ដោយនៅក្នុងប្រភេទដែលមិនចាំបាច់ គឺអ្នកអាចជំនួយវាបាន ឧទាហរណ៍៖ បើអ្នកត្រូវការចំណាយដើម្បីចូលក្លឹបហាត់ប្រាណ អ្នកអាចជំនួសមកវិញដោយការហាត់ប្រាណនៅផ្ទះជាដើម។

     

    • ២០% ទុកសន្សំ៖ ជាចុងក្រោយអ្នកគួរបែងចែក ២០%នៃថវិការបស់អ្នកទៅគណនីសន្សំ។ អ្នកគួរតែមានប្រាក់សន្សំបម្រុងទុកយ៉ាងតិចបីខែ ក្នុងករណីហេតុការណ៍ណាមួយកើតឡើងដោយមិនបានដឹងមុន។ ពិតណាស់ ការសន្សំប្រាក់អាចជារឿងដ៏ពិបាកធ្វើមួយ ជាពិសេសនៅពេលដែលត្រូវការចំណាយលើតម្រូវការជាច្រើន។ ជីវិតយើងអាចជួបរឿងភ្ញាក់ផ្អើលច្រើនណាស់ ហើយពេលខ្លះមានរឿងមួយចំនួនកើតឡើងដោយស្មានមិនដល់ដូចជា វិបត្តិកូវីដ១៩នេះជាដើម ឬអាចយកលុយនោះទៅសម្រេចគោលដៅអ្វីមួយដែលអ្នកចង់បាន។ ដូច្នេះការចេះត្រៀមខ្លួនទុកមុន ទើបយើងមិនដាច់បាយចុងខែ។

    Xxx

    ក្នុងនោះ អ្នកឧកញ៉ា សុខ គង់ សហគ្រិនចាស់វស្សាមួយរូបដែលចាប់ផ្ដើមចេញរកស៊ីតាំងពីមានលុយនៅក្នុងដៃតែ៥០ដុល្លារ រហូតក្លាយជាមហាសេដ្ឋីប្រចាំស្រុកខ្មែរ និងកាន់កាប់ក្រុមហ៊ុនធំៗ២គឺ ក្រុមហ៊ុនស៊ូគីម៉ិចអ៊ិនវេសមិនគ្រុប និងសុខាគ្រុប រួមទាំងអាជីវកម្មធំៗមួយចំនួនទៀត បានលើកឡើងថា៖ «ប្រាក់ខែ​៣០០ដុល្លារ ខ្ញុំឃើញគេចូលហាងប្រេនៗ​ ផឹកស៊ីស្ទើរាល់ថ្ងៃ។ ខ្ញុំជាអ្នកក្រ​ ជាអ្នកធ្លាប់មានលុយ​ក្នុងដៃ ជាមនុស្សដៃទូលាយមួយរូប​ តែចុងក្រោយហោប៉ៅក៏ទូលាយ​មែន​ រាក់ៗទៅ​ គោលដៅកាន់តែឆ្ងាយ។ ទើបពេលខ្ញុំឃើញគេផុសចូលហាងប្រេនៗ​ញឹកញាប់ ខ្ញុំចេះតែលួចញញឹម​ ហើយគិតថា​ របស់ខ្លះ​ មិនឆ្ងាញ់ទេ​ ក្នុងកាលទេសៈយើងខ្វះខាត​ នៅធ្វើការឱ្យគេ​ ចាយសល់ថ្ងៃ មិនទាន់រស់បានប្រសើរជាដើម។ យើងអាចលួចញុំាម្ដងម្កាលបាន​ តែមិនបាច់ផុសក៏បានដែរ​ (តែពេលខ្លះផុសទៅ​ ជារង្វាន់ជីវិត)»

    Photo 2022 12 16 17 02 21

    យ៉ាងណាមិញប្រាក់ខែតិច ឬច្រើន ចំណូលទាប ឬខ្ពស់ គ្រាន់តែជាផ្នែកមួយ ប៉ុន្តែផ្នែកសំខាន់បំផុតមួយទៀតគឺឥរិយាបថក្នុងការចាត់ចែង ទុកដាក់ និងប្រើលុយទាំងនោះ។ ចេះរក រៀនទុក ចេះត្បិតត្បៀត តែមិនរងសម្ពាធ ឆ្លៀតយកលុយទាំងនោះទៅបង្កាត់បង្កើតកូនចៅទៀត ហោប៉ៅមិនជ្រាបជីវភាពនឹងធូរធារ៕

    អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
    ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia