នៅថ្ងៃទី ២៨ ខែមករា នេះតម្លៃប្រាក់ដុល្លារបានធ្លាក់ចុះនៅជិតកម្រិតទាបបំផុតក្នុងរយៈពេល ៤ ឆ្នាំបន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានមើលស្រាលចំពោះភាពទន់ខ្សោយថ្មីៗនេះរបស់ប្រាក់ដុល្លារ។ សម្តីនេះបានជំរុញតម្លៃប្រាក់ដុល្លារកាន់តែធ្លាក់ចុះ នឹងធ្វើឱ្យប្រាក់យេន ប្រាក់អឺរ៉ូ និងប្រាក់ផោន ឡើងថ្លៃ។
ស្របពេលដែលប្រាក់ដុល្លារកំពុងប្រឈមនឹងវិបត្តិ ប្រាក់អឺរ៉ូបានឡើងដល់កម្រិយ ១.២ដុល្លារជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២១ ហើយស្ថិតនៅ ១.២០១៥ ខណៈដែលប្រាក់ផោនក៏នៅជិតកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០២១ ដូចគ្នាដោយមានតម្លៃ ១.៣៨២៣ ដុល្លារនៅដើមម៉ោងទីផ្សារអាស៊ី។
យ៉ាងណាមិញ យោងតាមការចុះផ្សាយដោយ Reuters លោក ត្រាំ បាននិយាយកាលពីថ្ងៃ អង្គារិ៍ ថាតម្លៃប្រាក់ដុល្លារគឺ “ល្អណាស់” នៅពេលត្រូវសួរថាតើគាត់គិតថាវាធ្លាក់ខ្លាំងពេកឬអត់។ ក្រុមពាណិជ្ជករបានយកសម្ដីនេះជាសញ្ញាមួយដើម្បីលក់ប្រាក់ដុល្លារចេញ។ លោក Kyle Rodda អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ Capital.com បាននិយាយថា៖ “នេះបង្ហាញថាមានវិបត្តិនៃការជឿជាក់លើប្រាក់ដុល្លារ ហើយដរាបណារដ្ឋបាល ត្រាំ នៅតែបន្តនយោបាយពាណិជ្ជកម្ម ការបរទេស និងសេដ្ឋកិច្ចដែលមិនមានស្ថិរភាព ភាពទន់ខ្សោយនេះអាចបន្តទៅមុខទៀត”។
គួរបញ្ជាក់ថា ប្រាក់ដុល្លារបានធ្លាក់ចុះជាង ៩% ក្នុងឆ្នាំ ២០២៥ ហើយបានចាប់ផ្តើមឆ្នាំថ្មីដោយភាពទន់ខ្សោយ ដោយធ្លាក់ប្រហែល ២.៣% ទៀតក្នុងខែ មករា នេះបន្ទាប់ពីវិធីសាស្ត្រមិនទៀងទាត់របស់លោ ត្រាំ ចំពោះពាណិជ្ជកម្ម និងការទូតអន្តរជាតិ ការព្រួយបារម្ភអំពីឯករាជ្យភាពរបស់ធនាគារកណ្តាល (Fed) និងការកើនឡើងយ៉ាងខ្លាំងនៃការចំណាយសាធារណៈ ដែលធ្វើឱ្យអ្នកវិនិយោគភ័យខ្លាច៕


