ទម្លាប់អាក្រក់ ៤ បើមិនបញ្ឃប់ ទោះធ្វើការមានប្រាក់ខែច្រើន ចុងខែអ្នកនឹងនៅតែដាច់យ៉ៃ ហើយកាន់តែក្រីក្រ
Pov SaruJANUARY 16 2026255 views

មនុស្សយើងសព្វថ្ងៃគឺពិតជាខិតខំធ្វើការខ្លាំងណាស់ ព្រឹកចេញ ព្រលប់ទើបត្រឡប់ចូលផ្ទះវិញ តែទោះបីជាពួកគេខិតខំធ្វើការខ្លាំងយ៉ាងនេះទៅហើយក្ដីតែអ្នកមួយចំនួននៅតែមានបញ្ហាទាក់ទងនឹងហិរញវត្ថុ ធ្វើការរាប់ឆ្នាំគ្មានប្រាក់សន្សំ ចាយប្រចាំខែមិនគ្រប់ ហើយថែមទាំងជំពាក់គេច្រើនទៀត។ ខាងក្រោមនេះគឺជាទម្លាប់អាក្រក់ ៤ បើអ្នកមិនប្ដូរអ្នកនឹងនៅតែដាច់យ៉ៃ ហើយកាន់តែក្រីក្រ៖ 

 

១. ទម្លាប់ចាយលុយតាមអារម្មណ៍៖ អ្នកចូលចិត្តចាយលុយតាមអារម្មណ៍ ពេលប្រាក់ខែចូលមិនទាន់ទេ ចាប់ផ្ដើមគិតពេញខួរក្បាលថាគួរទិញអ្វី ឬគួរឱ្យអ្វីជារង្វាន់សម្រាប់ខ្លួនឯង រួចហើយទើបគិតពីការសន្សំតាមក្រោយ។ អ្វីដែលជាបញ្ហាគឺ ពួកគេចាយលុយស្ទើរតែអស់រួចហើយ ដូច្នេះការសន្សំបានក្លាយទៅជារឿងដ៏ពិបាក។ បញ្ហាមួយទៀតរបស់អ្នកចូលចិត្តចាយលុយតាមអារម្មណ៍គឺ មិនដឹងថាលុយរបស់ខ្លួនបាត់ទៅណា។ ដោយគិតថាខ្លួនមិនបានទិញរបស់អ្វីធំដុំសោះ តែពួកគេភ្លេចគិតថា ការចំណាយតិចតួចប្រចាំថ្ងៃបើបូកចូលគ្នាក្លាយជាការចំណាយធំ ហើយធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងលុយ។ 


 
២. ចាយលុយដើម្បីបំពេញរូបភាពសង្គម៖ ដោយសារសង្គមបច្ចុប្បន្នមនុស្សច្រើនឱ្យតម្លៃគ្នាមើលតែសំបកខាងក្រៅ ទើបធ្វើឱ្យមនុស្សជាច្រើនមានសម្ពាធខ្លាចថាខ្លួនមិនអាចចូលជាមួយគេបាន ដូច្នេះមានតែត្រូវចំណាយទិញរបស់នេះរបស់នោះមិនថាទូរស័ព្ទថ្មី ឡានថ្មី សម្លៀកបំពាក់ថ្លៃៗ។ ការចាយលុយបែបនេះអាចធ្វើឱ្យមានអារម្មណ៍ល្អក្នុងរយៈពេលខ្លី ប៉ុន្តែវាធ្វើឱ្យហិរញ្ញវត្ថុកាន់តែខ្សោយក្នុងរយៈពេលវែង ជាពិសេសបើការចាយនោះពាក់ព័ន្ធនឹងបំណុល និងការបង់ការប្រាក់ជាប្រចាំទៀតអ្នកកាន់តែមានបញ្ហាធំតែម្ដង។ 

 

៣. បង្កើតបំណុលច្រើន៖ នៅពេលមានបំណុលអ្នកមួយចំនួនច្រើនតែរើសវិធីខ្ចីលុយថ្មី ទៅសងបំណុលចាស់ដោយគិតថាវាអាចនឹងសម្រាលបន្ទុកបានខ្លះ។ តែនេះជាគំនិតដ៏ឆោតល្ងង់បំផុតហើយធ្វើឱ្យខ្លួនឯងមានបំណុលកាន់តែច្រើន អាចាស់់ក៏មិនទាន់រួច ក៏សាងបំណុលថ្មីទៀត។ ជីវិតក្លាយជាវដ្តនៃការធ្វើការដើម្បីសងបំណុល ជំនួសឱ្យការធ្វើការដើម្បីកសាងអនាគត។ 

 

៤. គ្មានគោលដៅហិរញ្ញវត្ថុច្បាស់លាស់៖ អ្នកកុំសង្ឃឹមថាសល់លុយ សល់ទ្រព្យបើអ្នកគ្មានគោលដៅនោះទេ។ ពេលអ្នកមិនដឹងថាសន្សំលុយដើម្បីអ្វី មិនដឹងថាចង់ឈានទៅណា ការសន្សំក្លាយជារឿងដែលគ្មានន័យ ហើយលុយដែលរកបានមក នឹងត្រូវចាយទៅតាមស្ថានភាព និងអារម្មណ៍ ដោយគ្មានទិសដៅច្បាស់លាស់សម្រាប់អនាគត។

 

សរុបមកវិញ​ បើអ្នកចង់ឆាប់សល់លុយ សល់ទ្រព្យច្រើនមិនសំខាន់អ្នករកបានការងារដែលមានប្រាក់ខែខ្ពស់ទេ សំខាន់គឺអ្នកត្រូវចេះសន្សំ ហើយត្រូវផ្លាស់ប្ដូរទម្លាប់ដូចបានរៀបរាប់ពីខាងលើ ។ កែកំហុសតម្រូវតូចតាចទាំងនេះអាចនាំអ្នកទៅរកការសន្សំដ៏ជោគជ័យ ហើយហិរញ្ញវត្ថុរបស់អ្នកនឹងមានស្ថិរភាពទៅតាមនោះដែរ៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia