រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភពីលើប្រាក់បៀវត្សជូនមន្ត្រីរាជការសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិក្នុងខែមេសានេះចំនួន ៥០ ០០០ (ប្រាំម៉ឺន) រៀលក្នុងម្នាក់។ ចំពោះគ្រួសារជនពលីនិងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ក៏ត្រូវបានផ្តល់ជូនប្រាក់ឧបត្ថម្ភនេះ ចំនួន ៥០ ០០០ (ប្រាំម៉ឺន) រៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងចំនួន ៥០ ០០០ (ប្រាំម៉ឺន) រៀល ក្នុងឱកាសពិធីបុណ្យ ភ្ជុំបិណ្ឌ ក្នុងមួយគ្រួសារផងដែរ។
តាមរយៈការជូនដំណឹងខាងលើ រាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើឱ្យក្រសួងសេដ្ឋកិច្ចនិងហរញ្ញវត្ថុ និងក្រសួង ស្ថាប័នសាមី ត្រូវសហការនឹងចាត់ចែងរៀបចំការបើកផ្តល់ជាបុរេប្រទានសម្រាប់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្ស ប្រាក់បំណាច់ បៀវត្សប្រចាំខែ ប្រាក់កម្រៃប្រចាំខែ ប្រាក់ឧបត្ថម្ភប្រចាំខែ និងរបបសន្តិសុខសង្គមប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
បន្ថែមពីនោះប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌក៏ត្រូវបើកដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្ស ប្រាក់បំណាច់ បៀវត្សប្រចាំខែ ប្រាក់កម្រៃប្រចាំខែ ប្រាក់ឧបត្ថម្ភប្រចាំខែ និងរបបសន្តិសុខសង្គមប្រចាំខែតុលាតែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតមុនថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
សូមរំលឹកថា បើយោងតាមអនុក្រឹត្យចុះនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការម្នាក់ ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យពិធីបុណ្យជាតិធំៗពីរ រួមមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និង ពិធីបុណ្យភ្ជុំបិណ្ឌ ជារៀងរាល់ឆ្នាំ៕





