ដល់ថ្ងៃចន្ទ ដឹងតែខ្ជិលទៅធ្វើការ! ទាំងនេះ ជាវិធីយកឈ្នះភាពខ្ជិលបាន ទៅធ្វើការដោយអារម្មណ៍ស្រស់ស្រាយ
Chan SophonAUGUST 27 202631 views

អារម្មណ៍ខ្ជិលច្រអូសនៅថ្ងៃចន្ទ ជារឿងធម្មតាដែលបុគ្គលិកស្ទើរតែគ្រប់គ្នាតែងតែជួបប្រទះ។ ការផ្លាស់ប្តូរអារម្មណ៍ពីការសម្រាកលំហែនៅចុងសប្តាហ៍ មកកាន់ការទទួលខុសត្រូវ និងសម្ពាធការងារវិញ អាចធ្វើឲ្យចិត្ត និងរាងកាយប្រឆាំងគ្នាដោយមិនដឹងខ្លួន។ ដើម្បីជួយឲ្យអ្នកយកឈ្នះភាពខ្ជិលនេះ ហើយទៅធ្វើការដោយអារម្មណ៍ស្រស់ស្រាយ និងមានថាមពល ខាងក្រោមនេះជា វិធីសាស្ត្រងាយៗ តែមានប្រសិទ្ធភាពខ្ពស់៖

 

១.រៀបចំខ្លួនពីល្ងាចថ្ងៃអាទិត្យ៖ ត្រូវគេងឲ្យបានគ្រប់គ្រាន់ កុំចូលដេកយប់ជ្រៅនៅយប់ថ្ងៃអាទិត្យ។ ការគេងបាន ៧-៨ ម៉ោង ជួយឲ្យខួរក្បាល និងរាងកាយប្រមូលថាមពលបានពេញលេញ។ មួយទៀត ត្រូវរៀបចំសម្ភារ និងសម្លៀកបំពាក់  កាតាប ឬឯកសារទុកឲ្យហើយ ព្រឹកឡើងមិនបាច់ភ័យស្លន់ស្លោ ឬចំណាយពេលគិតច្រើន។

 

២.បង្កើតសិរីសួស្តីសម្រាប់ព្រឹកថ្ងៃចន្ទ៖ ភ្ញាក់ពីគេងភ្លាម ត្រូវផឹកទឹកត្រជាក់ ១ កែវ ព្រោះវាជួយដាស់ប្រព័ន្ធរាងកាយ និងខួរក្បាលឲ្យភ្ញាក់ពីដំណេក។ ធ្វើអ្វីដែលចូលចិត្តមុនចេញទៅធ្វើការ ដោយទុកពេល ១៥-៣០ នាទី សម្រាប់ញ៉ាំកាហ្វេ ស្តាប់ចម្រៀងពិរោះៗ ឬអានសៀវភៅបន្តិច ដើម្បីឲ្យអារម្មណ៍ស្រស់ស្រាយ មិនមែនភ្ញាក់ឡើងរត់ទៅធ្វើការភ្លាមៗនោះទេ។

 

៣.ផ្លាស់ប្តូរការគិតលើកិច្ចការងារ៖ កុំទាន់គិតដល់ការងារធំៗនៅ Office នាំតែធ្វើឲ្យអ្នកកាន់តែខ្ជិល។ ពេលទៅដល់កន្លែងធ្វើការ កុំអាលប៉ះពាល់ការងារណាដែលស្មុគស្មាញ ឬកិច្ចការធំភ្លាមៗ។ ធ្វើការងារតូចៗសិន ដូចជារៀបចំតុធ្វើការ ឆែកអ៊ីមែល ឬធ្វើការងារងាយៗដែលប្រើពេល ១០-១៥ នាទីឲ្យហើយមុនគេ។ ការសម្រេចបានការងារតូចៗទាំងនេះ នឹងបង្កើតអារម្មណ៍ជោគជ័យ និងជំរុញថាមពលចិត្តឲ្យបន្តធ្វើការងារធំៗទៀត។

 

៤.បង្កើតការទន្ទឹងរង់ចាំ៖ បង្កើតកម្មវិធីរីករាយតូចមួយសម្រាប់ថ្ងៃចន្ទ ដូចជា ណាត់មិត្តភក្តិញ៉ាំអាហារថ្ងៃត្រង់ឆ្ងាញ់ៗ ទិញភេសជ្ជៈដែលចូលចិត្ត ឬគិតដល់រឿងភាគ ឬកីឡាដែលត្រូវមើលពេលល្ងាចបន្ទាប់ពីចេញពីធ្វើការ។ វានឹងធ្វើឲ្យខួរក្បាលមានអារម្មណ៍ថា ថ្ងៃចន្ទក៏មានរឿងសប្បាយៗចាំទទួលស្វាគមន៍ដែរ។

 

យ៉ាងណាមិញ ប្រសិនបើអ្នកបានសាកល្បងរឿងជាច្រើនហើយ ប៉ុន្តែនៅតែមានអារម្មណ៍ អស់កម្លាំង អស់សង្ឃឹម ឬជួបប្រទះនឹងការថប់បារម្ភ វាអាចប្រហែលមិនមែនមកពីថ្ងៃចន្ទទេ ដែលធ្វើឲ្យអ្នកធុញ ប៉ុន្តែអាចជាបរិយាកាសការងារក៏ថាបានដែរ។ ត្រូវចាំថា ថ្ងៃចន្ទតែងតែចូលមកបន្ទាប់ពីថ្ងៃអាទិត្យ ដូច្នេះជំនួសឲ្យការមើលឃើញវាជាថ្ងៃដ៏គួរឲ្យធុញបំផុតនៃសប្តាហ៍ អ្នកត្រូវគិតថា វាជាការត្រៀមខ្លួនទាំងផ្លូវកាយ ផ្លូវចិត្ត ដើម្បីធ្វើអ្វីមួយនៅថ្ងៃថ្មី។ ពីព្រោះពេលខ្លះ អ្វីដែលមនុស្សខ្លាចមិនមែនថ្ងៃចន្ទទេ ប៉ុន្តែជាអារម្មណ៍នៃការមិនទាន់ត្រៀមខ្លួនដើម្បីចាប់ផ្តើមឡើងវិញប៉ុណ្ណោះ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia