ក្រសួងអប់រំ យុវជននិងកីឡាសម្រេចឱ្យបេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ឆ្នាំ២០២៣ អាចស្នើវិញ្ញាបនបត្របណ្តោះអាសន្ន តាមប្រពន្ធ័អនឡាញបានដោយឥតគិតថ្លៃ និងប្រើប្រាស់បានដោយមិនតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងឡើយ។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងអប់រំចុះនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានឱ្យដឹងថាសិស្សានុសិស្សអាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យស្នើសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដោយពុំតម្រូវឱ្យ ធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃវិញ្ញាបនបត្របណ្តោះអាសន្នក្នុងទម្រង់ជាក្រដាសឡើយ ហើយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ អាចស្កេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបន់បត្រនេះ តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ https://verify.gov.kh/ ។
ជាមួយគ្នានេះសិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ជាទម្រង់ឯកសារទន់ (Soft Copy) ដោយចូលទៅក្នុង Telegram Bot ឈ្មោះ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ” តាមរយៈតំណភ្ជាប់ https://go.gov.kh/bac-ii ឬស្កេន QR Code ដូចមានជូនភ្ជាប់ខាងក្រោម បន្ទាប់ពីទទួលបានវិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិជាឯកសាររឹង (Hard Copy) នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តនិងនៅតាមគ្រឹះស្ថាន មធ្យមសិក្សាសាធារណៈនិងឯកជន។
ដូច្នេះចំពោះបេក្ខជនប្រឡងជាប់អាចទាក់ទងមន្ទីរអប់រំ យុវជន និងកីឡា ឬគ្រឹះស្ថានសិក្សាសាមី ដើម្បីទៅដកយកវិញ្ញាបនបត្របណ្ដោះអាសន្ន ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ តទៅ។
គួរជម្រាបផងដែរថានេះជាលើកទី២ហើយដែលក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានធ្វើកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើប្រាស់ “វិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិដែលមានដាក់ QR Code ស្តង់ដា”។
កិច្ចសហប្រតិបត្តិការនេះ គឺជាការបន្តជំរុញការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយដើម្បីឱ្យការផ្តល់សេវាសាធារណៈកាន់តែមានភាពងាយស្រួល ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា៕