យោងតាមការចុះផ្សាយរបស់ក្រសួងអប់រំបានឱ្យដឹងថា ក្រសួងនឹងផ្តល់ជូនសន្លឹកកិច្ចការស្វ័យសិក្សានៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ជាទម្រង់ឯកសារទន់(PDF) ដល់គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដែលសន្លឹកកិច្ចការស្វ័យសិក្សានេះ គ្រោងនឹង ដាក់ឱ្យអនុវត្តតាមគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានបណ្តុះបណ្ដាល ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ នេះតទៅ។
ក្នុងនោះគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ត្រូវសម្របសម្រួល និងរៀបចំកម្មវិធីបណ្តុះបណ្តាលដើម្បីបញ្ជ្រាប ការប្រើប្រាស់សន្លឹកកិច្ចការស្វ័យសិក្សាក្នុងវិធីសាស្ត្របង្រៀន ដល់គរុសិស្សគរុនិស្សិត តាមរយៈការណែនាំ និងជំរុញដល់គ្រូឧទ្ទេស ឱ្យសិក្សាស្រាវជ្រាវវិធីសាស្ត្រថ្មីៗ។
បន្ថែមពីនេះគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវសម្របសម្រួល និងជំរុញការអនុវត្តន៍សន្លឹកកិច្ចការស្វ័យសិក្សាតាមរយៈ៖
១. ជំរុញការប្រជុំបច្ចេកទេសតាមកម្រិតថ្នាក់/មុខវិជ្ជា ដើម្បីរិះរក ស្រាវជ្រាវ និងចែករំលែកវិធី សាស្ត្រថ្មីៗ ក្នុងការបញ្ជ្រាបការប្រើប្រាស់សន្លឹកកិច្ចការស្វ័យសិក្សា តាមរយៈការដាក់បញ្ចូល ក្នុងកិច្ចតែងការបង្រៀននៅគ្រប់មេរៀន គ្រប់មុខវិជ្ជា និងគ្រប់កម្រិតថ្នាក់។
២.រៀបចំធ្វើថ្នាក់និទស្សន៍អនុវត្តសាកល្បងការបង្រៀនដោយប្រើសន្លឹកកិច្ចការស្វ័យសិក្សា ដើម្បី ឆ្លុះបញ្ចាំងអំពីសកម្មភាពបង្រៀនកន្លងមក និងដើម្បីកែលម្អការបង្រៀនឱ្យកាន់តែប្រសើរឡើង។
៣.ជំរុញការអនុវត្តន៏ការបង្រៀនដោយប្រើសន្លឹកកិច្ចការស្វ័យសិក្សា។
៤.រៀបចំតេស្តរង្វាយតម្លៃតាមដំណាក់ជាប្រចាំលើខ្លឹមសារមេរៀនដែលបានបង្រៀនរួច ដើម្បីជួយ សិស្សរៀនយឺតទាន់ពេលវេលា។
៥.រៀបចំបូកសរុប និងផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តន៍សន្លឹកកិច្ចការស្វ័យសិក្សាតាមមុខវិជ្ជា/កម្រិតថ្នាក់ នៅក្នុងកិច្ចប្រជុំប្រចាំខែឱ្យបានទៀងទាត់ ព្រមទាំងរក្សាទុកឯកសារ និងរបាយការណ៍ ជាភស្តុតាងក្នុងការពិនិត្យតាមដាន និងវាយតម្លៃ។
៦.សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្ស សហគមន៍ ឱ្យចូលរួមគាំទ្រ និងជំរុញបន្ថែមក្នុងការអនុវត្ត សន្លឹកស្វ័យសិក្សារបស់សិស្ស។
គួរជម្រាបផងដែរថាក្រសួងអប់រំ យុវជន និងកីឡា បានផលិតសន្លឹកកិច្ចការស្វ័យសិក្សា ក្នុងគោលបំណងជំរុញការសិក្សា ស្រាវជ្រាវរបស់សិស្សានុសិស្ស នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ឱ្យឆ្លើយតបនឹងអាទិភាព កំណែទម្រង់វិស័យអប់រំ សំដៅធានាការលើកកម្ពស់គុណភាពអប់រំ៕
អត្ថបទដោយ៖ ពីង ជូអេង


