មានមនុស្សជាច្រើនចង់គ្រប់គ្រងពេលវេលាឱ្យមានប្រយោជន៍ ធ្វើការងារបានច្រើន មិនចំណាយពេលភ្លេចមុខភ្លេចក្រោយជាដើម។ យ៉ាងណាមិញថ្ងៃនេះយើងសូមលើកយកនូវកម្មវិធីទូរស័ព្ទដៃចំនួន៤ ដែលមានបងប្អូនគួរជ្រើសយកឱ្យមានក្នុងទូរស័ព្ទដៃ ដើម្បីជួយកំណត់ពេលវេលានិងកិច្ចការងារដែលត្រូវធ្វើក្នុងមួយថ្ងៃៗឱ្យបានច្បាស់លាស់ ជំរុញឱ្យមានផលិតភាពការងារខ្ពស់។
១. Todoist
Todoist គឺជាកម្មវិធីដែលមានមុខងារជាអ្នកកត់ត្រានូវបញ្ជីការងារដែលអ្នកត្រូវធ្វើក្នុងមួយថ្ងៃៗ ដែលអាចជួយកំណត់នូវពេលវេលា និងគោលដៅការងារសំខាន់ៗឱ្យបានច្បាស់លាស់ដែលវាមានលក្ខខណៈសាមញ្ញ ងាយៗសម្រាប់ ការរៀបចំការងារប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ។ បងប្អូនអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃទាំងនៅលើ App Store និង Playstore។
យ៉ាងណាមិញការកត់ត្រាការងារសំខាន់ៗចំនួន៣យ៉ាងតិច មុនចូលគេងឬក្រោកពីគេងនៅពេលព្រឹកព្រលឹម គឺជាគោលការណ៍សកលមួយដែល អ្នកជំនាញជាច្រើននៅជុំវិញពិភពលោកណែនាំឱ្យប្រើ ដើម្បីឱ្យបុគ្គលម្នាក់មានផលិតភាពការងារ។ ព្រោះមូលហេតុនៃការកត់បែបនេះទាំងនៅលើក្រដាស ឬកម្មវិធីទូរស័ព្ទដៃ ធ្វើឱ្យអ្នកមើលឃើញពីទិសដៅការងារច្បាស់ ចងចាំបានល្អ ខួរក្បាលមានពេលសម្រាក ដែលធ្វើឱ្យមានផលិតភាពការងារពីមូយទៅមួយមានផលិតភាពខ្ពស់។
២. Habit Tracker
ចំពោះកម្មវិធី Habit Tracker នេះគឺជាមុខងារដើម្បីជួយអ្នកកសាងទម្លាប់ដែលអ្នកចង់ធ្វើ នៅក្នុងកម្មវិធីនេះវាមានមុខងារកំណត់ទម្លាប់ដែលអ្នកចង់កសាង មានដូចជាការអាន ឬសកម្មភាពលំហាត់ប្រាណនានាដែលអ្នកចង់ធ្វើវាម្តងបន្តិចៗដើម្បីឱ្យក្លាយជាទម្លាប់។ ក្នុងនោះក្រៅពីមានមុខងារកំណត់ទម្លាប់ វានូវការកំណត់ពេលវេលានាឡិការោទ៍ (Reminder) ដែលអ្នកត្រូវធ្វើ ដែលមានម៉ោង ថ្ងៃខែជាដើម។
ចំពោះមូលហេតុដែលធ្វើឱ្យការកសាងទម្លាប់អាចមានប្រសិទ្ធិភាព តាមការសិក្សាស្រាវជ្រាវគឺអ្នកត្រូវធ្វើសកម្មភាពណាមួយរយៈពេល២១ថ្ងៃឱ្យបានជាប់គ្នា ដូច្នេះអ្នកអាចសាកល្បងប្រើកម្មវិធីដើម្បីហាត់កសាងទម្លាប់រយៈពេល២១ថ្ងៃបាន ដែលបងប្អូនអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃទាំងនៅលើ App Store និង Playstore។
៣. Notion-notes,docs, tasks
កម្មវិធីនេះមានមុខងារសំខាន់ដែលផ្តោតលើការផ្ទុកទិន្នន័យ ឯកសារ គំនិតបានរៀនសូត្រ ឬសៀវភៅកំណត់ហេតុ ដែលអ្នកមានអាចកត់ទុកទៅក្នុងកម្មវិធីនេះបានយ៉ាងងាយស្រួល។ លើសពីកម្មវិធីមួយនេះមានមុខងារសម្រាប់ប្រើប្រាស់របៀបអ្នកធ្វើការងារ និងសម្រាប់សិស្សនិស្សិតជាដើមដែលបងប្អូនអាចធ្វើរើសបានទៅតាមអាជីពដែលកំពុងប្រកប។
មួលហេតុដែលការកត់ត្រាកំណត់មានភាពសំខាន់ ព្រោះអ្នកជំនាញជាច្រើនបានលើកឡើងស្រដៀងៗគ្នាថាខួរក្បាលរបស់យើងអាចផលិតនូវគំនិតដ៏ល្អៗបាននៅពេលដែលយើងធ្វើសកម្មភាព ឬចលនាដៃជើងជាដើម។ ជាក់ស្តែងដូចជាការគិតគំនិតថ្មីៗ របៀបគិតបែបច្នៃប្រឌិតគឺសុទ្ធតែគ្មានប្រយោជន៍បានយូរអង្វែងទាំងអស់ បើគ្មានការកត់ទុក។
៤. TIDE
កម្មវីធីនេះគឺផ្តោតសំខាន់ទៅលើការស្តាប់សំឡេងធម្មជាតិ សម្រាប់ការផ្តោតខ្ពស់។ យ៉ាងណាមិញនៅក្នុងកម្មវិធីនេះមានសំឡេងដែលកំណត់ទុកដូចជា សំឡេងនៅមាត់សមុទ្រ សំឡេងសត្វចាបយំក្នុងព្រៃ សំឡេងភ្លើងគប់នៅពេលរាត្រី ឬសំឡេងភ្លៀងធ្លាក់ជាដើម ដែលជាជំនួយសម្រាប់ការស្តាប់សំឡេងដែលអ្នកចូលចិត្តហើយផ្តោតធ្វើការ។
ចំពោះការស្តាប់នេះដែរអាចធ្វើឱ្យមានផលិតភាពការងារខ្ពស់ ព្រោះខួរក្បាលរបស់យើងនឹងផលិតនូវភាពរីករាយនិងភាពស្រឡះល្អ នៅពេលវាឭសំឡេងដែលស្ងប់។ សម្រាប់កម្មវិធីនេះដែរបងប្អូនក៏អាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃទាំងនៅលើ App Store និង Playstore ផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង


