ហ្គេមទូរស័ព្ទដៃដែលពេញនិយមបំផុតនៅតំបន់អាស៊ី Mobile Legends ដែលមនុស្សទាំងចាស់ទាំងក្មេងកាន់លេងគ្រប់ដៃ ផ្ទុះខ្លាំងកាលពីអំឡុងឆ្នាំ២០១៦ និងបានបើកសង្វៀនប្រកួត នៅប្រទេសកម្ពុជាថែមទៀតកាលពីពេលថ្មីៗនេះ។
យ៉ាងណាមិញយើងងាកមកស្គាល់បុរសខ្លាំងដែលនៅពីក្រោយការបង្កើតហ្គេមដ៏ល្បី១នេះធ្វើឱ្យមនុស្សម្នាមួយចំនួនធំលេងភ្លេចបាយភ្លេចទឹក។ Mobile Legends បច្ចុប្បន្នត្រូវបានបង្កើតនិងកាន់កាប់ដោយក្រុមហ៊ុន Moonton ដែលស្ថិតក្រោមបុត្រសម្ព័ន្ធរបស់ ByteDance មានទីស្នាក់ការនៅប្រទេសចិន ដែលមានលោក Yuan Jing ជានាយកប្រតិបត្តិ។
លោក Yuan Jing បានបញ្ចប់ការសិក្សាពីនាយកដ្ឋានវិទ្យាសាស្ត្រកុំព្យូទ័រនៃសាកលវិទ្យាល័យ Tongji និងធ្លាប់ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន និងមានបទពិសោធន៍យ៉ាងច្រើនក្រាស់ក្រែលក្នុងវិស័យហ្គេមទូរស័ព្ទដៃ។ នៅឆ្នាំ២០១៤ លោក Yuan Jing បានបង្កើត Shanghai Moonton Technology Co., Ltd. ជាមួយសហស្ថាបនិក១រូបទៀតផងដែរ។
ក្នុងឆ្នាំ ២០១៦ Mobile Legends: Bang Bang ត្រូវបានបើកឱ្យដំណើរការទូទាំងពិភពលោក (លើកលែងតែប្រទេសចិនដីគោក) និងពាក់កណ្តាលឆ្នាំ២០១៧ ហ្គេម ML បានធ្វើទំនាក់ទំនងយ៉ាងសកម្មជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី និងសមាគមកីឡាអេឡិចត្រូនិកក្នុងស្រុក ដែលជាហេតុនាំឱ្យមានការឆ្ពោះទៅរក Mobile Legends Professional League (Mobile Legends: Bang Bang Professional League, MPL) ។
២ឆ្នាំបន្ទាប់ពីនោះ Mobile Legends: Bang Bang បានជួបលាភធំម្តងទៀត ព្រោះត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហើយបានក្លាយជាវិញ្ញសាប្រកួតមេដាយសម្រាប់ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ថែមទៀត។
យ៉ាងណាមិញនាពេលបច្ចុប្បន្ននេះកីឡាអេឡិចត្រូនិក Mobile Legends មានតម្លៃលើទីផ្សាររហូតដល់៤ពាន់លានដុល្លារឯណោះគិតត្រឹមឆ្នាំ២០២៣នេះ ខណៈCEO វ័យ៤៣ឆ្នាំរូបនេះមានទ្រព្យសម្បត្តិសុទ្ធចំនួន១.៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ នេះបើយោងតាមទស្សនាវដ្តី Forbes ។
គួរជម្រាបផងដែរថា Mobile Legends គឺជាហ្គេមសង្វៀនប្រយុទ្ធតាមអ៊ីនធឺណេតដែលមានអ្នកលេងជាមធ្យម ១៣៧,៧០០នាក់ក្នុងមួយថ្ងៃ។ ហ្គេមនេះអាចលេងដោយឥតគិតថ្លៃ ហើយអាចរកប្រាក់បានតែតាមរយៈការទិញ-លក់ទំនិញក្នុងហ្គេមដូចជាតួអង្គ និង SKIN ជាដើម៕
អត្ថបទដោយ៖ ពីង ជូអេង